ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានារបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។ បើតាមទំព័រហ្វសប៊ុកក្រសួងដឹកជញ្ជូន។
កិច្ចប្រជុំ ខាងលើធ្វើឡើងក្នុងគោលបំណងពិនិត្យលើគម្រោងនានាដែលកំពុងអនុវត្ត នាពេលបច្ចុប្បន្ន និងនាពេលអនាគត និងរៀបចំរចនាសម្ព័ន្ធមន្ត្រីគ្រប់គ្រង និងមន្ត្រីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងនានាទាក់ទងទៅនិងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលយើងត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។ ជាលើកឡើងរបស់ លោក ស៊ុន ចាន់ថុន បានបន្តឱ្យដឹងថា បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្ត ឱ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង(ទីក្រុងបៃតង) និងភាពទាក់ទាញ។
លោក រដ្ឋមន្រ្តីបានថ្លែងឱ្យដឹងទៀតថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ទាំងបីស្ថានីយដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។
ជាមួយគ្នានោះដែរ លោក ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននេះ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
នៅក្នុងកិច្ចប្រជុំដដែល លោក រដ្ឋមន្រ្តីដឹកជញ្ជូន បានផ្ដាំទៅថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ឌីណា