ព្រះសីហនុ៖ កំណាត់ផ្លូវលេខ១៤៦បេ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងដឹកជញ្ជូន ដោយប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែមេសា ឆ្នំា២០២០ គ្រោងចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។
គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេពវង្ស មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូAC កម្រាស់៩សង់ទី ម៉ែត្រ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់ ២៦សង់ទីម៉ែត្រ ប្រវែង ២២,៣៤៧គីឡូម៉ែត្រ។
ដឹកនាំការងារចុះត្រួតពិនិត្យបច្ចេកទេស កាលពីថ្ងៃទី១៧ ខែមេសានេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច។
ផ្លូវនេះ នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រជាដើម។ ជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល បានបន្ថែមថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបានតាមស្តង់ដាដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង៦,៧០គីឡូម៉ែត្រ គិតចាប់ពីគីឡូម៉ែត្រលេខ២១៦+០០០ ដល់គីឡូម៉ែត្រលេខ ២២២+៧០០ ដោយពង្រីកទទឹងតួផ្លូវរហូតដល់ ២៩ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គ្រោងចំណាយពេលសាងសង់ ១៨ខែ អនុវត្តការសាងសង់ដោយកងវិស្វកម្ម សម្ដេច ហ៊ុន សែន សៀមរាប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងដឹកជញ្ជូន ហើយគិតត្រឹមចុងសប្ដាហ៍ទី២នៃខែមេសា នេះគម្រោងនេះសម្រេចបាន ៤,៨១ភាគរយ។
ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង៕
ដោយ៖ឌីណា