ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,២លានហិកតា។ បើតាមសេចក្ដីជូនដំណឺងរបស់ក្រសួងបរិស្ថាន ការចុះបញ្ជីដីរដ្ឋនៃដែនជម្រកសត្វនៅខេត្តកោះកុង និងមណ្ឌលគិរីថ្ងៃទី១៦ ខែមេសា នេះ។
សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋ ត្រូវបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០១៨ មកដល់ពេលនេះ សម្រេចបានលទ្ធផលសំខាន់ដូចជា ក្រុមការងារបានបញ្ចប់នីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។
នៅក្នុងសេចក្ដីជូនដំណឺងរបស់ក្រសួងបរិស្ថានបានបន្តថា ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី កំពុងបន្តពិនិត្យចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ហើយក្រុមការងារអនុវត្តគម្រោងបាននិងកំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ ដូចជាការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ និងការចុះប្រតិបត្តិសកម្មភាពអាទិភាពនៅទីវាលជាក់ស្តែង។
លទ្ធផលប្រវត្តិសាស្ត្រសម្រាប់ កម្ពុជា ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាផងដែរ។បើតាមសេចក្ដីជូនដំណឹងដដែល បានបន្តថា ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងបន្តដកស្រង់មេរៀន និងបទពិសោធពីគម្រោងនេះ ដើម្បីកែសម្រួលនីតិវិធី និងជំរុញដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតនៅទូទាំងប្រទេស។
សេចក្ដីជូនដំណឹងខាងលើបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ADB ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ភូមិបាលឆ្នាំ២០០១។
នីតិវិធី និងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានធ្វើឡើងទៅតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។ ជាការបញ្ជាក់របស់ក្រសួង បន្ថែមថា គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឱ្យមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន ជាពិសេសក្រសួង ស្ថាប័នមានសមត្ថកិច្ច និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមក្នុងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត៕
ដោយ៖ឌីណា