Register Already an agent ? Login

ថ្នាក់ដឹកនាំអាស៊ានប្ដេជ្ញារក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ធ្វើពាណិជ្ជកម្ម ក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើចំហសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលបំណងពង្រឹងភាពរឹងមាំ និងនិរន្តភាពនៃសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសលើការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារវេជ្ជសាស្រ្ត ព្រមទាំងផលិតផលចាំបាច់បាច់នានា។ ក្នុងបរិការណ៍នេះ ថ្នាក់ដឹកនាំអាស៊ាន បានចាត់ឱ្យរដ្ឋមន្រ្តី និងឧត្តមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ស្វះស្វែងរកវិធានការចាំបាច់នានា ដើម្បីរក្សាតភ្ជាប់សង្វាក់ផ្គត់ផ្គង់ ការធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ធ្វើពាណិជ្ជកម្ម ហើយទប់ស្កាត់ការដាក់កំហិតដែលមិនចាំបាច់ផ្សេងៗទៀត លើលំហូរស្បៀងអាហារ សម្ភារវេជ្ជសាស្រ្ត។

ថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រចំបោះការរៀបចំឡើងវិញនូវប្រាក់មូលនិធិនានា ដែលមានស្រាប់ និងលើកទឹកចិត្តដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីដាគូអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រឆាំងកូវីឌ-១៩។ បើតាមលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបី ស្ដីពី «ជំងឺផ្លូវដង្ហើមកូវីដ-១៩» តាមរយៈ Video Conference កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលប្រទេសវៀតណាមជាប្រធានកិច្ចប្រជុំទាំងពីខាងលើ។

 លទ្ធផលកិច្ចប្រជុំបានឱ្យដឹងបន្តថា ដោយរួមទាំងសំណើរបង្កើតមូលនិធិឆ្លើយតបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ ដើម្បីដោះស្រាយនូវកង្វះខាតសម្ភារវេជ្ជសាស្រ្ត ការគាំទ្រលើការស្រាវជ្រាវ និងការអិវឌ្ឍនៃឱសថនិងវ៉ាក់សាំង ព្រមទាំងការត្រៀមរៀបចំឆ្លើយតបបន្ទាន់នាពេលអនាគត។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារសំខាន់សម្រាប់អាស៊ានក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅ រួមមានដៃគូសន្ទនាអាស៊ាន អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិនានា ចំពោះកិច្ចខិតខំប្រឹងប្រែងការការពារ បញ្ឈប់ និងគ្រប់គ្រងការឆ្លងជំងឺនេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីអាទិភាពមួយចំនួនដូចជា៖ គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការផ្គត់ផ្គង់បរិក្ខាពេទ្យ, មិនត្រូវអនុវត្តវិធានឯតោភាគី ដែលអាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងសកម្មភាពសេដ្ឋកិច្ចននា, គាំទ្រវប្បធម៌ចេករមលែក, ចៀសវាងការរើសអើងពូជសាសន៍, ជួយប្រជាជនអាស៊ានដែលជាប់គាំងដោយសារជំងឺនេះ ហើយអ្វីដែលជាភាពចាំបាច់ គឺពិចារណាតើត្រូវស្តារសេដ្ឋកិច្ចដោយវិធីណា នៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប។

ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបូកបី បានឯកភាពគ្នាឱ្យមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែង និងវិធានការឆ្លើយតបតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំបានទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងនៃប្រទេសបូកបី មានចិន ជប៉ុន និងកូរ៉េ ដែលបានខិតខទប់ស្កាត់ការរីករាលដាលជំងឹកូវីដ-១៩ ដោយបានធ្វើឱ្យចំនួនអ្នកឆ្លងថ្មីធ្លាក់ចុះ។

កិច្ចប្រជុំខាងលើដដែលនេះ បានពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ តាមរយៈយន្តការក្នុងតំបន់ដែលមានស្រាប់ ជាពិសេស ដើម្បីគាំទ្រសហគ្រាមីក្រូធុនតូច ​និងមធ្យម ការពារគ្រូពេទ្យជំនាញ និងបុគ្គលិកសុខាភិបាល ក៏ដូចជាធានាសុវត្ថិភាពដល់ពលករចំណាកស្រុក។ ក្នុងកិច្ចប្រជុំ ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តរក្សាសង្វាក់ផ្គត់ផ្គង់សម្ភារវេជ្ជសាស្រ្ត និងបន្តធ្វើពាណិជ្ជកម្មរាងប្រទេសអាស៊ានបូកបី ដើម្បីធានាលំហូរចេញ ចូលទំនិញ និងសម្ភារចាំបាច់នៅតាមព្រំដែន។

ស្ថិតក្នុងកិច្ចប្រជុំដដែលនេះ សម្ដេច ហ៊ុន សែន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរងផលប៉ះពាល់អវិជ្ចមានដោយសារជំងឺរាត្បាតនេះ និងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃពង្រឹងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។ ក្នុងបរិបទនេះ សម្ដេច បានកោតសរសើរដល់ប្រទេសបូកបី ដែលបានជួយឧបត្ថមគាំទ្រដល់កម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារបរិក្ខាពេទ្យ ក៏ដូចជាបញ្ជូនវេជ្ជបណ្ឌិតមកជួយកម្ពុជា៕

ដោយឌីណា