Register Already an agent ? Login

សារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាងជាង ២ពាន់កេស ស្មើនឹង ១៣តោន ត្រូវបានមន្រ្តីជំនាញឃាត់ទុក

ភ្នំពេញ៖ គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន មានសារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង។

គ.ប.ផ.ក បានឱ្យដឹងថា ការចុះបង្ក្រាបផលិតផលខាងលើ ដោយមានការសម្របសម្រួល ដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

គ.ប.ផ.ក បានឱ្យដឹងបន្តទៀតថា ផលិតផលខុសច្បាប់មានដូចជា សាប៊ូកក់សក់ម៉ាក Max Care ​​​​​ចំនួន ៥កេស, សាប៊ូកក់សក់ម៉ាក THDH ​​​​​ចំនួន ៥៦០កេស, ក្រណាត់ស៊ើម​សម្លាប់មេរោគ ​​​​​៧០០កេស, ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស, ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ​ចំនួន ៤៧៥កេស, ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ​ចំនួន ៦០កេស, Spray បណ្តុះសក់​​​​​​ចំនួន ៥កេស, Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)​​ចំនួន ៤៥កេស។

មន្រ្តី គ.ប.ផ.ក បាននិយាយថា មូលហេតុដែលនាំឱ្យមានការបង្ក្រាប និងរឹបអូសផលិតផលទាំងនេះ ដោយសារតែផលិតផលនោះ ពុំមានលើកស្លាកយីហោត្រឹមត្រូវ, គ្មានចុះបញ្ជិការ ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល, គ្មានអាជ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល, គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច, ផលិតផលទាំងនេះ អន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក និងគ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ។

មន្រ្តីដដែលបានបន្តថា ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍ និងសមត្ថកិច្ចចម្រុះ​ គ.ប.ផ.ក​ កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។

គ.ប.ផ.ក បានអំពាវនាវដល់សាធារណជនឱ្យចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ​ ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម។

ទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ-Counter Counterfeit Committee រាល់ព័ត៌មាន របស់សាធារណជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់៕

ដោយ៖ឌីណា