កណ្ដាល៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្និរ័ត្ន បានចេញសេចក្ដីសម្រេច លើកលែងពន្ធលើអចលនទ្រព្យ សង្កាត់ចំនួន ៤ នៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ដល់ឆ្នាំ២០២៣។
សេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី២ ខែមឹសា ឆ្នាំ២០២០ ក្នុងប្រការ១ បានចែងថា ត្រូវបានលើកលែងពន្ធអចលនទ្រព្យដល់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ចំនួន ៤សង្កាត់ គឺ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់ពីស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្ដាល។
ប្រការ២ នៅក្នុងសេចក្ដីប្រកាសបានបន្តថា ម្ចាស់អលនទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងសង្កាត់ទាំង៤ ខាងលើ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅនាយកដ្ឋានពន្ធដារចលនទ្រព្យ និងអចលនទ្រព្យ នៃអ្គនាយកដ្ឋានពន្ធដារ។ ប្រការ២ ដដែលបានបញ្ជាក់ថា ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣។
ប្រការ៣ វាក្យខណ្ឌទី១ នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្នុងករណីអចលនទ្រព្យស្ថិតក្នុងសងកាត់ទាំង៤ ដែលបានលើកលែងដូចប្រការទី១ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ដែលបានបង់ពន្ធហើយ ត្រូវបានអនុញ្ញាតឱ្យធ្វើឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធជាបន្តបន្ទាប់។ វាក្យខណ្ឌទី២ បានបន្ថែមថា ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួច នៅសាលាខេត្តកណ្ដាល ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យឆ្នាំជាប់់ពន្ធបន្តបន្ទាប់៕
ដោយ៖ឌីណា