ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំ ទៅមន្រ្តីក្រោមឱវាទ ជំរុញការងារបង្កបង្កើនផលកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធានាសន្និធិស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្ដីណែនាំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានចេញថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានបន្តថា អគ្គនាយកដ្ឋានកសិកម្ម ត្រូវប៉ាន់ស្មានបរិមាណស្រូវ អង្ករ ដែលមានក្នុងស្តុក ទាំងក្នុងរោងម៉ាស៊ីនកិនស្រូវ ទាំងក្នុងសហគមន៍ គ្រួសួសារកសិករ ដើម្បីព្យាករណ៍អំពីតុល្យភាពស្បៀងច្បាស់លាស់ក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ សិក្សាវាយតម្លៃលើផ្ទៃដីដែលមានសក្ដានុពលដាំបន្លែ និងបរិមាណផលបន្ថែម។
ដូចគ្នានេះដែរ អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ត្រូវប៉ាន់ប្រមាណតម្រូវការសត្វ សាច់ និងការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០២០ ក្នុងការមានមូលដ្ឋានជំរុញចិញ្ចឹមសត្វ ដើម្បីធានាការផ្គត់ផ្គង់សាច់ និងផលិតសត្វ។ បើតាមសេចក្ដីណែនាំ បានបន្ថែមថា ជាពិសេសការបំផុសចលនាចិញ្ចឹមសត្វឱ្យបានផុសផលតាមគ្រប់រូបភាព ដូចជាការចិញ្ចឹមសត្វដែលមានវដ្តផលិតកម្មខ្លី ដោះស្រាយឱ្យទាន់ពេលវេលាក្នុងបរិការណ៍បច្ចុប្បន្ន ក្នុងនោះដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពស្បៀង។
រដ្ឋមន្រ្តីក្រសួងកសិកម្មបានសង្កត់ថា៖«មន្ទីរកសិកម្ម រាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការលួចចូលសត្វ-សត្វដោយខុសច្បាប់ ការរីករាលដាលនៃការឆ្លងជំងឺសត្វជាយថាហេតុ ដែលអាចជាបន្ទុកមួយទៀត បន្ថែមហានិភ័យបណ្ដាលមកពីជំងឺកូវីដ-១៩»។
លោក វេង សាខុន បានបញ្ជាក់នៅក្នុងសេចក្ដីណែនាំថា រដ្ឋបាលជលផល ត្រូវប៉ាន់ប្រមាណស្មានតម្រូវការ និងការផ្គត់ផ្គង់នេសាទ ដើម្បីធានាបាននូវការផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ក្នុងស្រុក រក្សាបានស្ថិរភាពតម្លសទីផ្សារ និងបរិមានគ្រប់ក្រាន់ដល់ប្រជាពលរដ្ឋ។
នៅក្នុងសន្និសីទការសែតកន្លងមក សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការដាំដុះជាបន្ទាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការនាំចូលត្រូវបានបិទ ការកើតឡើងនៃជំងឺកូវីដ-១៩។ « ខ្ញុំសូមអំពាវនាវឱ្យប្រជាជនបន្តការដាំដុះ បន្លែបង្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ក្នុងកាលៈទេសៈដ៏លំបាក់នេះ»។ សម្ដេច ថ្លែងបញ្ជាក់ថា មិនឱ្យនាំ ស្រូវនិងអង្ករលក់ចេញទៅទីផ្សារបរទេសទេ លើកលែងតែប្រភេទ អង្ករក្រអូបប៉ុណ្ណោះ។ ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ដូច្នេះ អ្វីដែលកម្ពុជាត្រូវតែប្ដូរផ្ដាច់ គឺផលិតស្រូវ កុំឱ្យអត់អង្ករច្រកឆ្នាំង៕
ដោយ៖ឌីណា