Register Already an agent ? Login

អាល់កុលក្លែងក្លាយសរុបចំនួន ១៦០លីត្រ នៅខេត្តសៀមរាប ត្រូវបានមន្រ្តីជំនាញឃាត់ទុកបណ្ដោះអាសន្ន

សៀមរាប៖ អាល់កុលក្លែងក្លាយសរុបចំនួន ១៦០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញ និងឃាត់ទុក បណ្តោះអាសន្ននៅខេត្តសៀមរាប

នៅថ្ងៃទ៨ ខែមេសា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តសៀមរាប ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរសុខាភិបាល នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងលក់អាល់កុលក្លែងក្លាយ (មេតាណុល) តាមអលឡាយ ១កន្លែង ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

បន្ទាប់ពីការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ១៦០លីត្រ ត្រូវបានមន្ត្រីសាខា ក.ប.ប ដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។ បើតាមការឱ្យពីមន្រ្តី ក.ប.ប

មន្រ្តី ក.ប.ប បានបន្តថា ដោយសង្កេតឃើញ ក្នុងពេលថ្មីៗនេះ មានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយ (មេតាណុល) ដែលធ្វើឱ្យផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ លោក ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ នូវសារធាតុអាល់កុលក្លែងក្លាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

អគ្គនាយកដ្ឋាន ក.ប.ប សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

ដោយ៖ឌីណា