Register Already an agent ? Login

មន្រ្តីជំនាញបានដកហូត សារធាតុមេតាណុលក្លែងក្លាយប្រមាណ ២០០កាន ស្មើនឹង ៦ពាន់លីត្រ នៅភ្នំពេញ

ភ្នំពេញ៖ ក្រោយពីការត្រួតពិនិត្យទីតាំងផ្ទះលេខ A23 សង្កាត់កន្ទោក ខណ្ឌកំប៉ូល រាជធានីភ្នំពេញ និងយោងលទ្ធផលវិភាគ សមត្ថកិច្ចចម្រុះបានរកឃើញសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយ ចំនួន២០០កាន ស្មើ ៦,០០០ (ប្រាំមួយពាន់)លីត្រ ស្តុកនៅក្នុងទីតាំងមួយកន្លែងក្នុងទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មាន អំពីទីតាំងស្តុកទុកសម្រាប់ចែកចាយ នូវសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) នៅទីតាំងខាងលើ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់។ បើតាការឱ្យដឹងពីនាយកដ្ឋាន ក.ប.ប បានបន្តថា សកម្មភាពស្រាវជ្រាវ និងបង្ក្រាបខាងលើ ធ្វើឡើងដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម កងកម្លាំង អាជ្ញាធរដែនដីខណ្ឌកំបូល និងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងគាំទ្រដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប ផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប បានបន្ថែមថា ដើម្បីការពារខ្លាចក្រែងមានការបន្លំយកសារធាតុមេតាណុលទាំងនេះ ចែកចាយលក់ជូនប្រជាពលរដ្ឋ ធ្វើជាអាល់កុលសម្រាប់លាងដៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើ លោកព្រះរាជអាជ្ញារង និងសមត្ថកិច្ចចម្រុះ បានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ហើយវត្ថុតាងរក្សាទុក នៅទីតាំងផ្ទះនោះដដែល ដើម្បីឱ្យម្ចាស់ទំនិញ យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច អនុវត្តនីតិវិធីបន្ត។

អគ្គនាយកដ្ឋាន ក.ប.ប សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

ដោយ៖ឌីណា