Register Already an agent ? Login

កម្លាំងមន្រ្តីខេត្តកណ្ដាលរកឃើញ ពោះវៀនជ្រូកក្លាសេដាក់ក្នុងទូកុងតឹន័រចំនួន២ សរុបចំនួន ៥តោនមានក្លិនស្អុយ

កណ្ដាល៖ កម្លាំងមន្រ្តីខេត្តកណ្ដាលបានចុះឆែកឆេរទីតាំងឃ្លាំង និងទូកុងទីន័រគ្មានលេខមួយកន្លែង សង្ស័យនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីក្រុមការងារត្រួតពិនិត្យ ក.ប.ប បានត្រួតពិនិត្យជាក់ស្តែងលើរថយន្ត២ទូកុងទីន័រ លទ្ធផលឃើញថា ពោះវៀនជ្រូកដែលក្លាសេដាក់ក្នុងទូកុងតឺន័រខូចគុណភាព និងមានក្លិនស្អុយចំនួន ៥តោន។

បន្ទាប់មក ព្រះរាជអាជ្ញារងខេត្ត បានសម្រេចឱ្យយកវត្ថុតាងខាងលើរក្សាទុកនៅទីតាំងកើតហេតុបណ្ដោះ អាសន្ន ដោយបិទសៀលកុងតឺន័រទាំងពីររងចាំការអនុវត្តនីតិវិធីបន្ត។ បើតាមការឱ្យដឹងពីរដ្ឋាបាលខេត្តកណ្ដាល បន្តថា ចំណែកឯសម្ភារ និងឧបករណ៍ផ្សេងៗគឺខាងសាខាគយ និងរដ្ឋាករបានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ។ រីឯម្ចាស់ទំនិញបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

រដ្ឋបាលខេត្តកណ្ដាល បានបន្ថែមថា ក្រោមការចង្អុលបង្ហាញរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមេសា នេះ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកកម្លាំងសាខា អ្នកការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) កម្លាំងការិយាល័យបសុពេទ្យ កម្លាំងសាខាគយ រដ្ឋាករ និងអាជ្ញាធរស្រុក ដោយមានការសម្រសម្រួលនីតិវិធីដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងដំបូងខេត្តកណ្ដាល បានចុះឆែកឆេរត្រួតពិនិត្យទីតាំងឃ្លាំង និងទូកុងទីន័រខាងលើ ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលពាក់ព័ន្ធនឹងករណីសង្ស័យនាំចូលគ្រឿងក្នុងសត្វជ្រូក (ពោះវៀនជ្រូក) ខូចគុនភាព គ្មានច្បាប់អនុញ្ញាត។

លទ្ធផលការត្រួតពិនិត្យយើងបានរកឃើញមាន ពោះវៀនជ្រូកក្លាសេ ៥តោន, ធុងចំហុយសាច់ ២គ្រឿង, ធុងកិនសាច់ធ្វើពីដែក ១គ្រឿង, ម៉ូទ័រចំនួន ២គ្រឿង, ទូរចំហុយប្រើអគ្គិសនី ១គ្រឿង, ម៉ាស៊ីនសម្ងួត ១គ្រឿង, និង អំបិលចំនួន ៤៥៩បាវស្មើនឹង ១៩០៧៥គីឡីក្រាម។ បើតាមរដ្ឋបាលខេត្តដដែល៕

ដោយ៖ឌីណា