ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក ជា សុផារ៉ា សម្រេចបង្កើតក្រុមការងារបច្ចេកទេសសិក្សា និងរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដែលមានសមាសភាព ៥រូប ដូចជាប្រធាន អនុប្រធាន និងអនុប្រធានអចិន្ត្រៃយ៍ ហើយនិងសមាជិក២រូប។
នៅក្នុងសេចក្ដីសម្រេចរបស់ប្រធាន គ.អ.ឆ.ក ចុះថ្ងៃទី៧ ខែមសា ឆ្នាំ២០២០ បានបន្តថា ក្រុមការងារមានភារកិច្ចដូចជា សម្របសម្រួលជាមួយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី សិក្សាប្លង់លម្អិតនៃអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅសា្ថនីយ៍ ១ (PS1) និងទី២ (PS2 រួមជាមួយ PS3) ស្ថិតនៅក្នុងក្រុង/ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការងារសំណង់ស៊ីវិល។
ក្នុងនោះដែរ សម្របសម្រួលជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធក្នុងដំណើរការការដ្ឋាន ព្រមទាំងសិក្សា និងរៀបចំ Bypass (ផ្លូវវាង) តាមបមពង់លូសម្រាប់ឱ្យទឹកភ្លៀងហូរចូលផ្ទាល់ទៅសមុទ្រ និងធ្វើមុខបិទ បើក ដោយទុកតែទឹក កខ្វក់ឱ្យចូលទៅក្នុងអាងចម្រោះដើម្បីធ្វើប្រព្រឹត្តកម្ម។ ជាមួយគ្នានេះ តាមដាន និងរាយការណ៍ជាប្រចាំនូវវឌ្ឍនភាពនៃការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ទាំង២ទីតាំង ក្នុងនោះដែរ បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់របស់ គ.អ.ឆ.ក។
នៅក្នុងប្រកាសនៃសេចក្ដីសម្រេចបរបស់ប្រធាន គ.អ.ឆ.ក ប្រការ៣ បញ្ជាក់ថា ក្រុមការងារអាចប្រើប្រាស់យន្តការក្រុមការងារ និងទីប្រឹក្សាបច្ចេកទេសដែលមានស្រាប់ ក្នុងការងារស្ថាបនាផ្លូវក្រុង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ឱ្យជួយការងារតាមការចាំបាច់។
ប្រការ៤ នៅក្នុងសេចក្ដីសម្រេចដដែលបាន បន្តថា នាយកខុទ្ទកាល័យក្រសួងដែនដី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក គ្រប់នាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕
ដោយ៖ឌីណា