ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរដែនដី និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងខេត្តកណ្តាល និង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យទីតាំងស្តុកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ០២កន្លែងគឺ៖ ទីតាំងទី១ នៅផ្ទះលេខ១៨៨ ផ្លូវ១៣A ឃុំត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ២ ផ្លូវ១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញអាល់កុលក្លែងក្លាយចំនួន ៥៩,៤០២ លីត្រ។
មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម បាននិយាយថា ដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយ (មេតាណុល) ដែលធ្វើឱ្យផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ លោក ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ នូវសារធាតុអាល់កុលក្លែងក្លាយ (មេតាណុល) ក្នុងក្របខណ្ឌទូទាំងប្រទេស។ លោក ថា ជាក់ស្ដែង នៅថ្ងៃទីទី២ ខែមេសា ឆ្នាំ២០២០ កម្លាំងចម្រុះខាងលើបានចុះបង្ក្រាប ពីរទីតាំងដូចដែលបានរៀបរាប់។
មន្រ្តីដដែលបាន បន្តឱ្យដឹងថា ក្រោយពីការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៦៣ប៊ីដុង និង២២៤ពុយ សរុបស្មើនឹង ៥៩,៤០២លីត្រ ត្រូវបានព្រះរាជអាជ្ញារងសម្រេចឱ្យអគ្គនាយកដ្ឋានក.ប.ប. ដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។ លោក បានបញ្ជាក់ឱ្យដឹងថា ថារហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានបើកយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) បានសរុបចំនួន ៦៤,១៧៨ លីត្រ មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី។
អគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕
ដោយ៖ឌីណា