ភ្នំពេញ៖ ក្នុងយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) មកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ដកហូតបានចំនួន ៤៧៧៦លីត្។រ តាមការបញ្ជាក់របស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មេតាណុល ជាសារធាតុពុល និងមិនអាចយកទៅប្រើសម្រាប់លាងដៃសម្លាប់មេរោគបានទេ នឹងធ្វើឱ្យប៉ះពាល់សុខភាពអ្នលប្រើប្រាស់ថែមទៀតផង។
មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថី សម្តេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០លីត្រ។ បើតាមមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។
មន្រ្តីខាងលើ បានបន្តថា ដោយទទួល បានការណែនាំពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុលនិងគ្មានប្រភពផលិតច្បាស់លាស់ កេងយកផល ចំណេញហួសហេតុមិនគិតពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់អាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ (Trace back)៕
ដោយ៖ឌីណា