ភ្នំពេញ៖ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពី ១លា២សែនម៉ាស ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ជាង៥ពាន់លីត្រ និងសម្ភារពេទ្យដូចជា ខោ អាវ មួក។ បើតាមទំព័រហ្វេសប៊ុក សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា ក្រៅពីត្រៀមបម្រុងសម្ភារដូចខាងលើហើយ យើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល ព្រមទាំងម្ហូបចំណីមួយចំនួនទៀត មិនឱ្យនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករ ហើយនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយចុះ។
បើតាមតំព័រហេសប៊ុក សម្ដេច នាយករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា នឹងបង្កើនសមត្ថភាពផលិតឱ្យច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ សម្ភារពេទ្យ នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសម្ភារមួយចំនួនទៀត ដែលយើងផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។
ប្រមុខរាជរដ្ឋាភិបាលបានបន្តថា សម្ភារពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសម្ភារបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។
រាជរដ្ឋាភិបាលបានបន្ថែមថា ប្រជាពលរដ្ឋកុំមានការតក់ស្លុតឱ្យសោះ កម្ពុជាមិនឱ្យមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ-១៩។
សម្តេច នាយករដ្ឋមន្រ្តី តែងតែរំឮកពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឱ្យបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ និងពីគេមកយើង។
សម្ដេច បញ្ជាក់ទៀតថា «សូមពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល»៕
ដោយ៖ឌីណា