Register Already an agent ? Login

សម្តេច ហ៊ុន សែន៖ ការបង្កើតច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន

ភ្នំពេញ​៖ នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅវិមានសន្តិភាព សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ចំណាយពេលប្រមាណ៣ម៉ោង មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោក ទាំងមូលកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ មានលក្ខណះជាសកលនោះ។ សម្តេច បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រា​មាន​អាសន្ន។

កិច្ចប្រជុំខាងធ្វើឡើង នា​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់​ប្រជា​ពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេច នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិ​កាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ ​សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាង​ដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើង​នឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធាន​ការ ​បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។

រាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបាន​រៀប​ចំ​ដោយ លោក កើត រិទ្ធ ដែលទើបតែស្បថចូលកាន់តំណែងរជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនា​យក​រដ្ឋ​មន្ត្រីទាំងអស់ផងដែរ។ សម្ដេច មានប្រសាសន៍ថា បើតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិត​នៅក្នុង​គ្រា​អាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិន​អាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិត​អំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ ជាការបញ្ជាក់បន្តទៀតរបស់ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំ​ពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំខាងលើ សម្តេច ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផង​ដែរ​ថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ​៕

ដោយ៖ឌីណា