ពោធិ៍សាត់៖ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុលនិង អង្កេតតម្លៃលក់ម៉ាស់ ស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ១៦ទីតាំង និង ៣ដេប៉ូលក់ទំនិញ ស្ថិតនៅទីរួមខេត្តពោធិ៍សាត់ បានរកឃើញឱសថស្ថានមួយចំនួនដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ៩៨.៥ លីត្រ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
មន្រ្តីនៃនាយកដ្ឋានខាងលើ បានឱ្យដឹងថា គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបកណ៍សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។ បើតាមទំព័រហ្វេសប៊ុកនាយដ្ឋានខាងលើ។
មន្រ្តីដដែលបានបន្តថា ជាលទ្ធផល កម្លាំងជំនាញ បានរកឃើញឱសថស្ថានមួយចំនួន ដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ៩៨.៥ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកនៅសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដើម្បីអនុវត្តនីតិវិធីបន្ត ។
ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
ដោយ៖ឌីណា