ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរតាមបណ្តាខណ្ឌ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល អង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ស្ថិតក្នុងខណ្ឌទាំង ១២ ចំនួន ៩៥ទីតាំង នៅភ្នំពេញ បានដកហូរតអាល់កុលក្លែងក្លាយចំនួន ៣៨លីត្រ។
គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។ បើតាមទំព័រហ្វេសប៊ុក នាយកដ្ឋានខាងលើ។
នាយកដ្ឋានដដែលបានបន្តថា ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញឱសថស្ថានមួយចំនួនដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន ៣៨ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត។
ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីចៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
ដោយ៖ឌីណា