Register Already an agent ? Login

ទូតរុស្ស៊ី៖ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 រដ្ឋាភិបាលរុស្ស៊ី កំពុងតែត្រៀមរៀបចំបញ្ជូនម៉ាសមកកម្ពុជា

ភ្នំពេញ៖ ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 រដ្ឋាភិបាលរុស្ស៊ី កំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា។ ជាការលើកឡើងឱ្យដឹងពី លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ត្រូវបញ្ចប់បេសកកម្មកាទូតនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

នៅក្នុងជំនួប ខាងលើ លោក ទូតដែលត្រូវបញ្ចប់អណត្តិនៅកម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្ដេច និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយលោក បានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចនាយករដ្ឋមន្រ្តី ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់ កម្ពុជា ដែលការគាំទ្រនេះធ្វើឱ្យ លោក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។

ក្នុងរយៈពេល ៦ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។ ជាការបន្តរបស់ ទូតរុស្ស៊ីដែលបញ្ជប់បេសកម្មនៅកម្ពុជា ជាមួយនេះ លោកក៏បានរៀបចំឱ្យមានឱកាសដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ ស​ម្ដេចនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

លោក ទូតបន្ថែមថា ជាងនេះទៀត នៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនិងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

នៅក្នុងជំនួបដដែល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឌីមីទ្រី ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចមានប្រសាសន៍ថា លោក ឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានវ័យចំណាស់មកហើយមកកាន់ដំណាក់កាលថ្មី។ លើពីនោះទៅទៀត លោក ក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្ដេច ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមក ហើយបន្តជួយដល់កម្ពុជា បន្តទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក៏ដូចជាការរៀបចំផ្ដល់ម៉ាសដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ស្ថិតក្នុងបរិយកាសនៅដែរ សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជាការពិតយើងមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើងជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណាដែលអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែធំធាត់ឡើងថែមទៀត។

ជាមួយគ្នា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណចំពោះ លោក ឌីមីទ្រីវ និងជូនពរឱ្យ លោកទូត បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងបេសកកម្មកាទូតថ្មីៗរបស់លោក នាពេលខាងមុខ៕

ដោយ៖ឌីណា