Register Already an agent ? Login

តើនៅក្នុងសន្និសីទការសែតនាព្រឹកថ្ងៃទី៣០ ខែមីនា ប្រមុខរដ្ឋាភិបាលចេញបញ្ជា និងស្នើអ្វីខ្លះ ការកើតឡើងវិបត្តិជំងឺកូវីដ-១៩ កំពុងតែរាតតក្បាលគ្រប់ប្រទេស

ភ្នំពេញ៖ ក្រោយពីចប់កិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយចេញបទបញ្ជា និងសការស្នើជារួម ចំពោះការកើតឡើងនូវវិបត្តិជំងឺកូវិដ-១៩ ដែលកំពុងតែរាលដាលពាសពេញគ្រប់ប្រទេស ដូចខាងក្រោម។

សម្ដេច ហ៊ុន សែន បានថ្លែងដូចតទៅ៖

ទី១.បញ្ជាឱ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឱ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

ទី២. បានចេញបទបញ្ជាឱ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី១ ខែមេសា គឺដើម្បីទុកពេលឱ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេច ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

ទី៣.ប្រមុខរាជរដ្ឋាភិបាល បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។

សម្ដេច បញ្ជាក់ «ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង»។

ទី៤.សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជំងឺនេះ។ រដ្ឋាភិបាល បានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ ,អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ ។ ក្នុងនោះសម្តេច សុំឱ្យបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង ៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។

ទី៥.ជាមួយគ្នានោះ សម្តេច ស្នើសូមឱ្យគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។

ទី៦. អ្វីដែលជារាជរដ្ឋាភិបាល បញ្ជាក់ក្នុងនៅក្នុងសន្នីសីទនោះគឺ ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ ដោយសម្តេច បានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សម្ដេច ​នាយកបានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែ ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។ ជាការបន្ថែមរបស់ សម្ដេច ហ៊ុន សែន៕

ដោយ៖ឌីណា