ភ្នំពេញ៖ រយៈពេល ២ខែ ២៥ថ្ងៃ ដើមឆ្នាំ២០២០ កម្ពុជានាំកសិផលទៅទីផ្សារអន្តរជាតិប្រមាណចំនួន ១ ៥៥៨ ៥៥១,៥៩តោន ក្នុងនោះមានដូចជា អង្ករ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី,គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, សណ្ដែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយ, ម្រេច,បន្លែ, ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ,ជ័រកៅស៊ូ, សសៃគុយទាវ និងផលិតផលផ្សេងៗទៀត។ បើតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានកសិកម្ម ដែល រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានទទួល។
ទិន្នន័យខាងលើបានឱ្យដឹងថា អង្ករនាំចេញជាប្រចាំទៅទីផ្សារអន្តរជាតិប្រចាំថ្ងៃចំនួន ២៩៥តោន បើសរុបរយៈពេលជាងជិត ៣ខែ ចំនួន ២១៤ ៦១២,០៦៥តោន ក្នុងនោះមានប្រទេសចិនចំនួន ៩៤ ០៦០តោន (៤៣,៨៣%), អឺរ៉ុប ចំនួន ៦២ ៩៩៨តោន (២៩,៣៥%), អាស៊ានចំនួន ២៩ ៦១៧តោន (១៣, ០២%) និងនាំទៅប្រទេសដៃទៀតចំនួន ២៩ ៦១៧តោន (១៣,៨០%)។
ក្រៅពីអង្ករមានការនាំកសិផល ដូចជា ចំណិតដំឡូងមីក្រៀមនាំចេញជាប្រចាំ ៥ ០០០តោន សរុបជិត ៣ខែចំនួន ៨៤២ ១២០តោន ទៅ វៀតណាម-ថៃ។ ដំឡូងមីស្រស់ប្រចាំថ្ងៃ ១ ២៥០តោន ចំនួនសរុប ២៣៩ ៨៥០តោន វៀតណាម-ថៃ។ ម្សៅដំឡូងមីចំនួនសរុប ៦ ២២១តោន ឥណ្ឌា-ចិន-ប៊ែហ្សិក។ គ្រាប់ស្វាយចន្ទី នាំចេញជាប្រចាំចំនួន ៨ ៨៥០តោន សរុបជិត ៣ខែចំនួន ៩១ ៧៣៦,៦៨២៨តោន វៀតណាម-ជប៉ុន-រុស្ស៊ី-ចិន។ គ្រាប់ពោតប្រចាំថ្ងៃ ១៤០តោន សរុបចំនួន ២៤ ៨៤៦,៥៦តោន ថៃ-កូរ៉េ-តៃវ៉ាន់។
ផ្លែចេកស្រស់ នាំចេញជាប្រចាំចំនួន ៧៩៥,៣៩តោន សរុបជិត ៣ខែចំនួន ៧២ ១៨២,៤៧តោន ចិន,វៀតណាម-ជប៉ុន។ ផ្លែស្វាយ នាំចេញជាប្រចាំចំនួន ២៩០,៩៥តោន សរុបជិត ៣ខែចំនួន ២៥ ៨០៦,១៥តោន ថៃ-វៀតណាម-បារាំង-រុស្ស៊ី-កូរ៉ែ-ហុងកុង។ ម្រេច ចំនួនសរុប ២៩៩,១៣៧តោន ជប៉ុន-ប៉ែលហ្ស៊ីក-ហូឡង់-បារាំង-អាល្លឺម៉ង់-ស្វីស-វៀតណាម-អាមេរិក-រុស្ស៊ី-អង់គ្លេស-ឥណ្ឌា។ បន្លែ សរុបចំនួន ៣៨,៦៣តោន បារាំង-ឆែក-ហូឡង់។
ដំណាប់ស្វាយ, ទឹកស៊ីរ៉ូស្វាយ ជ័រកៅស៊ូ សសាំគុយទាវ ផលិតផលផ្សេង២ នាំចេញជាប្រចាំចំនួន ៨៥,២០តោន សរុបចំនួន ៤០ ៨៣៨,៩០តោន មានចិន, រ៉ូម៉ានី, ម៉ាឡេស៊ី, អាមរិក, ជប៉ុន, ថៃ, ហ្វីលីពីន និងឥណ្ឌា។
តាមទិន្នន័យដែលរដ្ឋមន្រ្តីក្រសួងទទួលបានឱ្យដឹងទៀតថា លទ្ធផលនៃការនាំចេញអង្ករ រយៈពេលជិត ៣ខែដើមឆ្នាំ២០២០សម្រេច ១៣៦ ៥០០តោន មានកំណើន ២១,៣៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។
ការនាំចេញអង្ករទៅសហភាពអឹរ៉ុបមានចំនួន ៤១ ៣៧៣តោន កើន ២១,៧១ភាគរយ គិតក្នុងរយៈពេលដូចគ្នា ហើយក៏មានការនាំទៅចិនមានចំនួន ៥១ ០៩២តោន ១១,៤១ភាគរយ។ បើតាមទិន្នន័យដដែល បានបន្ថែមថាសម្រាប់ការនាំចេញក្រៅផ្លូវការ មានស្រូវជាប្រចាំ ចំនួន ២ ៦០០,០០តោន សរុបជិត ៣ខែចំនួន ៨៣៦ ៦៩២,០០តោន និងដំឡូងមីស្រស់ ចំនួន ៤៤៩ ២៧២,០០តោន ទៅវៀតណាម សរុបទាំងអស់ ១ ២៨៥ ៩៦៤,០០តោន។
បើសរុបកសិផលផ្លូវការនិងមិនផ្លូវការ ចំនួន ២ ៨៤៤ ៥១៥,៥៩តោន៕
ដោយ៖ឌីណា