Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅព្រឹកមិញ ថ្ងៃទី២៥ ខែមីនា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង ៣,០០០បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលប្រជាពលរដ្ឋឱ្យស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ បើតាមការថ្លែងរបស់ របស់ សម្ដេច ហ៊ុន​ នាពេលអញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ បានបន្តថា នៅរាជធានីភ្នំពេញវិញ បានត្រៀមអគារមួយចំនួនដូចជា ១.អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២.មន្ទីរពេទ្យខ្មែរសូវៀត ៣.មន្ទីរពេទ្យនៅចាក់អង្រែ ៤.ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។

នាព្រឹកមិញនេះ សម្តេច បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥​ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូន ដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងឱ្យបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារ ដូច្នេះចុងក្រោយគឺមានតែការសោកស្តាយ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក។ ជាការលើកឡើងម្ដងហើយម្ដងទៀត របស់ សម្ដេច នាយរដ្ឋមន្រ្តី។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ «ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ»។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឱ្យយប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។

ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយ គឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលត្រូវប្រគល់ការងារនេះ ឱ្យយទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការ ដើម្បីដាក់បងប្អូនកូនក្មួយពលករឱ្យយរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។

សម្តេច ហ៊ុន សែន បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថាខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងសហគមនីមួយ។

នៅក្នុងពិធីខាងលើ ក្នុងវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេច កំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងឱសថស្ថានមួយចំនួន ហើយឈានទៅបិទឱសថស្ថានទាំងនោះលែងឱ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំឱ្យឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕

ដោយ៖ឌីណា