ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនោះមានដូចជា គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ, បោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន, កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហើយនិងគម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ ទី៣។
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុ សែន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ក្នុងទឹកប្រាក់ ៣៤.១៣៨ លានយ៉េន (៣១០លានដុល្លារ) នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ពិធីចុះហត្ថលេខា ដែលជាលិខិតប្តូរសារ ចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖
ហិរញ្ញប្បទានឥតសំណង ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារ)។ ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារ)។ ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារ)។
ឥណទានសម្បទាន ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារ)។ ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារ)។
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ។ បើតាមទំព័រហ្វេសប៊ុក សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ដោយ៖ឌីណា