ភ្នំពេញ៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំក្រុមវិនិយោគជប៉ុន មកជួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានបំណងវិនិយោគទៅវិស័យវិស័យកសិកម្ម ក្នុងនោះ គម្រោងកែច្នៃសូត្រផលិតជាសាប៊ូដែលមានគុណភាពល្អប្រសើរសម្រាប់ស្រ្តី និងការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមត្រីទីឡាព្យា ដោយកែច្នៃរួចនាំចេញនៅជប៉ុន។ បើតាមគេហទំព័រក្រសួងកសិកម្ម ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងជំនួបពិភាក្សាខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីក្រសួងកសិកម្ម លោក វេង សាខុន បានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរនឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះគឺជួយរក្សាមរតកប្រពៃណីពីបុរាណរបស់ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។
រដ្ឋមន្រ្តីបន្តថា ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួមចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ដូច្នេះ លោក បានសម្តែងនូវឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគលើវិស័យវារីវប្បកម្មនាពេលអនាគត។
ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីសក្តានុពលនៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣និងគោលនយោបាយលើកទឹកចិត្តលើការវិនិយោគវិស័យកសិកម្មសម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ដោយផ្តោតភ្ជង់ទៅ លើការធ្វើពិពិធកម្មកសិកម្ម ខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម ពីA ដល់ Z ប្រកបដោ យ វិបុលភាព។
លោក វេង សខុន បានបន្ថែមថា ជាអាទិ៍៖ ផលិតកម្មដំណាំ សត្វ និងវារីវប្បកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។
បច្ចុប្បន្ន កម្ពុជា មានសហគមន៍កសិកម្មជាច្រើនដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្មឱ្យដល់កម្រិតមួយធានាបាននូវគុណភាព តម្លៃបន្ថែម និងស្តង់ដារ ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ជាការបន្ថែមទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម ឱ្យដឹងថា ក្រៅពីនេះ ក្រសួងក៏ទទួលបានជំនួយឧបត្ថម្ភជាច្រើនពីអង្គការជាតិ និងអន្តរជាតិមានដូចជាអង្គការ JICA, USAID, IFAD, AUSAID, KOICA, ADB and WB។ល។ ហើយថ្មីៗនេះសហភាពអឺរ៉ុប បានជួយឧបត្ថម្ភថវិកាចំនួនជាង ៨០លានដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍវិស័យជលផលផងដែរ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងការកែច្នៃ។
នៅក្នុងបរិយាកាសកិច្ចពិភាក្សាលើប្រធានបទវិស័យកសិកម្ម លោក Fumiaki Takahashi បានគុណចំពោះពេលវេលារបស់ លោក រដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារ និងជាពិសេសព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម។
លោក Fumiaki Takahashi បានជំរាប លោក រដ្ឋមន្រ្តីឱ្យដឹងថា សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរ ស់ជប៉ុននឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណង សិក្សាស្វែងយល់បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ៕
ដោយ៖ឌីណា