ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ-១៩ (COVID-19) ដឹកនាំដោយ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអនុប្រធាន ដែលមានសមាសភាព ចូលរួម ២៥រូប មកពីក្រសួង-ស្ថាប័ន- អភិបាលខេត្តរាជធានី ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ស្ដីពីការបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឹកូវីដ-១៩ ថា «គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ-១៩ អាចអញ្ជើញរដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត ចូលរួមប្រជុំ ឬអាចផ្ដល់ការណែនាំឱ្យអនុវត្តវិធានការបន្ទាន់នានា តាមការចាំបាច់»។
រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ មានភារកិច្ច ដូចជា កំណត់គោលនយោបាយ និងយុទ្ធសាស្ដ្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺ កូវីដ-១៩។ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩។ គ្រប់គ្រងផលប៉ះពាល់ លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្ដរជាតិ។ ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម។
នៅក្នុងសម្រេចក្ដីបានបន្ថែមថា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រើប្រាស់ គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចរាជរដ្ឋាភិបាល ដែលមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាប្រធាន ធ្វើជាសេនាធិការប្រចាំការ។ ក្នុងនោះដែរ សមាសភាពជាក់ស្ដែងនៃ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល បញ្ជាក់ថា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមឱវាទ ដូចជា៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត មានភារកិច្ចដឹកនាំកិច្ចប្រតិបត្តិការ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖
ដោយ៖ឌីណា