ភ្នំពេញ៖ ជំនាញក្រសួងកសិកម្ម សហការជាមួយជាមួយអង្គការ FAO បានបង្កើតគម្រោងចំនួន ២គឺ៖ ទី១-ផ្តោតសំខាន់លើការបន្ស៊ាំ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍នេសាទ នៅតាមឆ្នេរសមុទ្រ ក្នុងថវិកាជាង ៤,៣លានដុល្លារ និងទី២-លើកកម្ពស់សម្ថភាព និងជីវភាពរបស់សហគមន៍ ផ្នែកដំណាំស្រូវនៅក្នុងតំបន់បឹងទន្លេសាប ដែលបាននិងកំពុងរងការប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុ ថវិកាជាង ១០លានដុល្លារ។ បើតាមគណនេយ្យហ្វេសប៊ុក របស់ លោក វេង សាខុន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ FAO ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាពនៅកម្ពុជាកន្លងមក។
លោក រដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះហើយ បានជួយលើកកម្ពស់កម្រិតជីវភាព និងកម្រិតរស់នៅរបស់ប្រជាជនកម្ពុជា ហើយលោកសង្ឃឹម និងជឿជាក់ថា អង្គការ FAO នឹងនៅតែជាដៃគូដ៏ល្អ ដើម្បីរួមគ្នាសម្រេចបាននូវទស្សនៈ ព្រទាំងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។
ការថ្លែងខាងលើរបស់ លោក វេង សា ខុន នៅក្នុងជំនួបជាមួយ លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (FAO) និងសហការី ដើម្បីពិភាក្សាការងារ និងលំអិតជូន រដ្ឋមន្ត្រីជ្រាបអំពីក្របខ័ណ្ឌកម្មវិធីគាំទ្រដល់ការអភិវឌ្ឍសម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលអង្គការ FAO ទើបបង្កើតថ្មី រួមជាមួយនឹងគម្រោងឧបត្ថម្ភគាំទ្រថ្មីៗសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
នៅក្នុងជំនួបខាងលើដែលធ្វើឡើង នាទីស្តីការក្រសួងកសិកម្ម លោក Alexandre Huynh ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី និងសហការីដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អដល់អង្គការ FAO ដើម្បីរួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈនាពេលបច្ចុប្បន្ន និងកន្លងមក។
លោក Alexandre Huynh បានបន្តថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានារសៀលនេះ គឺដើម្បីរាយការណ៍លំអិតលោក វេង សាខុន និងសហការីជ្រាបអំពីក្របខ័ណ្ឌកម្មវិធីគាំទ្រដល់ការអភិវឌ្ឍសម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលអង្គការ FAO ទើបតែរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រថ្មីរបស់ក្រសួង។ ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញរបស់ក្រសួង សហការជាមួយអង្គការ FAO។ មានគម្រោងឧបត្ថម្ភគាំទ្រថ្នាក់តំបន់ចំនួន៣ ដែលកំពុងដំណើរការនៃនីតិវិធីស្នើសុំ ដែលលោកសង្ឃឹមថានឹងទទួលបានការឯកភាពនាពេលឆាប់ៗខាងមុខនេះ។ ជាការបន្ថែម របស់ តំណាងអង្គការ FAO។
ស្ថិតក្នុងបរិយាកាសដដែល លោក រដ្ឋមន្រ្តីបានលើកឡើងថា ការធ្វើកសិកម្មបច្ចុប្បន្ន គឺដើម្បីលើកស្ទួយ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ហេតុនេះទើបក្រសួងបានកែសម្រួលគោលនយោបាយ និងទិសដៅរបស់ខ្លួន សំដៅទៅលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម កសិកម្មបៃតង នវានុវត្តន៍ ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីប្រែក្លាយកសិករទៅជាកសិ-ពាណិជ្ជករ ហើយក៏មានដៃគូអភិវឌ្ឍន៍ជាច្រើន ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងអនុវត្តការងារនេះផងដែរ។
ក្នុងខណៈនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានស្នើដល់អង្គការ FAO ពិនិត្យលទ្ធភាពផ្តល់ការសហការ ដើម្បីបង្កើនប្រសិទ្ធភាព និងវិសាលភាពនៃគម្រោង ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្មទាំងមូល។ ដោយឡែក ពាក់ព័ន្ធនឹងអាហារូបត្ថម្ភ លោក វេង សាខុន ក៏បានណែនាំដល់អង្គការ FAO និងដៃគូអភិវឌ្ឍន៍ដទៃផងដែរថា គួរពិចារណាផ្តល់ការគាំទ្រដល់ការចិញ្ចឹមគោយកទឹកដោះ ព្រោះថាទឹកដោះគោ គឺពោពេញទៅដោយសារជាតិបំប៉ន និងសារជាតិលូតលាស់ ដែលពិតជាសំខាន់សម្រាប់កុមារ ជាពិសេសកុមារនៅជនបទ។
ស្របពេលជាមួយគ្នានោះដែរ លោក Alexandre Huynh បានឯកភាពចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រី ហើយនឹងពិនិត្យលទ្ធភាពក្នុងការផ្ដល់កិច្ចសហការ ដោយលោកបានបញ្ជាក់ថា អង្គការ FAO នៅតែបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕
ដោយ៖ឌីណា