Register Already an agent ? Login

ជំងឺកូវីដ១៩ ធ្វើឱ្យទេសចរអន្តរជាតិ មកកម្ពុជាមានការធ្លាក់ចុះប្រមាណ ៣០% ប៉ុន្តែឆ្នាំ២០១៩ ចំណូលពីភ្ញៀវអន្តរជាតិជាង ៤ពាន់លានដុល្លារ

បាត់ដំបង៖ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងនោះវិស័យទេសចរណ៍ផងដែរ។ ជាការថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០.៧ភាគរយ ក្នុងនោះទេសចរចិន បានធ្លាក់ចុះក្នុងរង្វង់ ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩​​ ចំណូលពីទេសចរអន្តរជាតិ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើនឹងជិត ១៣ភាគរយ នៃផលិតផលសរុបក្នុងស្រុក។

ការថ្លែងខាងលើ របស់ សម្ដេច នាយករដ្ឋមន្រ្តី ក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៣-១៥ ក្រោមប្រធានបទ « ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព» បានឱ្យដឹងថា តាមទិន្នន័យខាងលើបើប្រៀបធៀបជាមួយគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជា អត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា គឺមានកំរិតស្រាលនៅឡើយ។

បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យ កម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបំផុត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាការន្ថែមរបស់ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា មានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុន ដែលមានចំនួនប្រមាណ ២,១៦លាននាក់ប៉ុណ្ណោះ។

នៅក្នុងពិធីខាងលើ សម្តេច នាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចជា៖ ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO)។ ជាមួយគ្នានេះ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្តដោយមិនត្រូវឱ្យមានការកែប្រែខុសពីស្ថានភាពដើមឡើយ។

សម្ដេច បន្តថា ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណនៃគោលដៅទេសចរណ៍អាទិភាពរួមមាន ទេសចរណ៍ផ្ទះបុរាណ តំបន់ផ្ទះសំណាក់សត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ផ្ទះសំណាក់ហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។

ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យឲ្យបានហ្មត់ចត់លើការងារដ៏មានសារសំខាន់នេះទេ។ ជាការបន្តទៀត របស់ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ត្រូវបន្តរក្សាឱ្យមានសន្តិសុខសណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍តាមបណ្ដាខេត្តជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំនិងការលួចឆក់ប្លន់នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

ត្រូវជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង»។ ព្រមទាំងបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វសម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ជាមួយគ្នានេះ ផ្សារភ្ជាប់កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឱ្យកាន់តែរីកចម្រើនជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម។ ជាការបន្ថែមទៀតរបស់ សម្ដេច។

ជាមួយនឹងស្ថានការណ៍វិវឌ្ឍន៍ថ្មីៗនៃការរីករាលដាលជំងឺកូរវិដ១៩ នៅក្នុងតំបន់ និងពិភពលោក សម្ដេច នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ហើយអាចការពារបាននូវជម្ងឺគ្រប់ប្រភេទ។ ក្នុងសូមបងប្អូន ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយដែលធ្វើឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។

រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាល ជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការការពារនិងត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរ ជាជាងការភ័យខ្លាចជ្រុលហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខដុមរមនានៃជាតិសាសន៍នៅកម្ពុជា៕

ដោយ៖ឌីណា