បាត់ដំបង់៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្រ្ត ១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះ ក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតផងដែរ ដូចជា ខេត្តប៉ៃលិន និងពោធិ៍សាត់ ជាដើម។ បើតាមការថ្លែងឱ្យដឹងពីសម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងរកឥណទានសម្រាប់កសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ២០២១។
ការថ្លែងខាងលើ របស់ សម្ដេច នាយករដ្ឋមន្រ្តី ក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ទាក់ទងទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនេះដែរ រាជរដ្ឋាភិបាលបានណែនាំ ទៅអភិបាលខេត្តកណ្ដាល និងក្រសួងមន្ទីរពាក់ព័ន្ធនានាខិតខំសិក្សា និងរក្សាឱ្យបាននូវព្រលានយន្តហោះបែកចាន។
ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខគឺពិតជាត្រូវការមិនខាន។ ជាការបន្ថែមរបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងពិធីខាងលើ ដោយបានស្នើ អភិបាលខេត្តកណ្ដាល ដែលទើបចូលកាន់ដំណែងថ្មី និងសម្ដេច ស ខេង សូមឱ្យមានការជូនដំណឹងដល់ពលរដ្ឋកុំឱ្យសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។
ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះគឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម។ល។ ជាការបន្ថែមទៀតរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យ ហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុលសង្គមជាតិ ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩។
នៅក្នុងពិធីដដែល សម្ដេច បានឱ្យដឹងថា មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេសនិងដែនដី រួមទាំងនាវា១ ដែល កំពុងមានរីករាលដាលជំងឺឆ្លងកូវីដ ១៩។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយពិភពលោកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាល៕
ដោយ៖ឌីណា