ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីបានកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់ កម្ពុជាក្នុងវិស័យ កសិកម្ម ២០២១-២០២៣ ដែលជាផែនការយុទ្ធសាស្ត្រថ្មីនេះ ផ្តោតសំខាន់ទៅលើការធ្វើកំណែទម្រង់ តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម។ តាមការឱ្យដឹងពី លោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ បានបន្តថា និងការរៀបចំផែនការកំណត់តំបន់ដាំដុះ ការគ្រប់គ្រង ប្រើប្រាស់ថ្នាំកសិកម្ម ការកែច្នៃនិងវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងការផ្ដល់ប្រាក់កម្ចីជូនសហគមន៍ សហគ្រាសខ្នាតតូចនិងមធ្យម ធ្វើយ៉ាងណាបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យបានពេញលេញ ដើម្បីបង្កើនតម្លៃបន្ថែមជូនអ្នកផលិត។
នាយកធនាគារ ADB ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែមីនា នេះ នៅទីស្ដីការក្រសួង បានបន្តទៀតថា ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ADB នឹងផ្តល់ការគាំទ្រផងដែរ ដែលកម្មវិធីថ្មីនេះគ្រោងនឹងដាក់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពីមនុស្សមកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។
ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលជលផលរៀបចំអនុវត្តកម្មវិធីដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅតាមតំបន់សមុទ្រ និងឆ្នេរសមុទ្រផងដែរ។ ជាការថ្លែងឱ្យដឹងបន្តទៀត របស់ នាយកធនាគារ ADB ថាកម្មវិធីទាំងអស់នេះសម្រេចទៅបាន គឺត្រូវការការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពពីមន្ត្រីជំនាញរបស់ក្រសួង ដូច្នេះ លោក បានស្នើសុំ រដ្ឋមន្ត្រីក្រសួងកសិកម្មផ្តល់ការគាំទ្រ។
នៅក្នុងជំនួបនេះ លោក វេង សាខុន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន បច្ចេកទេស ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមន្ត្រីជំនាញនៃក្រសួង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងវិស័យកសិកម្ម។ លោក រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ADB នឹងបន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។
ជាការឆ្លើយតប លោក វេង សាខុន បានគាំទ្រចំពោះការស្នើ របស់ នាយកធនាគារ ADB ដែលបានយកចិត្តទុកដាក់ និងជាពិសេសផ្តល់ការគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនសម្រាប់បច្ចុប្បន្ន និងអនាគត។ ចំពោះកម្មវិធីថ្មីៗទាំងអស់នេះ រដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាមានវិសាលភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេសបានឆ្លើយតបទៅនឹងអនុសាសន៍ របស់ សម្តេច នាយករដ្ឋមន្ត្រី ក្នុងការបង្កើនផលិតភាពផលិតកម្មក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់បន្ថយការនាំចូល៕
ដោយ៖ឌីណា