Register Already an agent ? Login

២ខែដើមឆ្នាំ២០២០ កម្ពុជានាំអង្ករទៅសហភាពអឺរ៉ុបជាង ៤១,៣ពាន់តោន កើនឡើងជាង ២១,៧១% និងបន្លែប្រមាណ ៣៤,៥តោន

ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ២ខែ ដើមឆ្នាំ២០២០ ជាង ៤១,៣ពាន់តោន បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ មានការកើនឡើងជាង ២១,៧១ភាគរយ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំបន្លែទៅផងដែរ ប្រមាណជា ៣៤,៥តោន។ តាមការឱ្យដឹងពី​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយ លោក ស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប ប្រចាំក្រកម្ពុជា កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម លោក វេង សាខុន បានបន្តឱ្យដឹងថា សហភាពអឺរ៉ុប ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេក​ទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ។

លោក រដ្ឋមន្រ្តីបានបន្ថែមថា ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញប្បទានជាង ១៤០លានអឺរ៉ូ (ជាង១៥៦លានដុល្លារ) ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។ ជាមួយគ្នានេះ ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម លោក បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមទៀតថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនក្នុងពេលបច្ចុប្បន្ន និងជាពិសេសនាពេលអនាគត ដែលចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ទាមទារឱ្យក្រសួងធ្វើកំណែទម្រង់គោលនយោបាយ និងបង្វែរទិសដៅរបស់ខ្លួនពីការផលិតផលិតផលកសិកម្មដើម្បីធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យដែល កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន និងកន្លងមក។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រុមការងារនៃសហភាពអឺរ៉ុប រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងអស់នេះហើយបាននិងកំពុងជួយឱ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ និងបានចាត់ទុកជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

នៅក្នុងបរិបទដដែល លោក វេង សាខុន បានលើកឡើងថា ក្រសួងបានខិតខំប្រឹងប្រែងជំរុញការធ្វើទំនើបកម្មកសិកម្ម យន្តុបនីកម្មកសិកម្ម កសិកម្មបៃតង និង «ជាពិសេសការពិពិធកម្មកសិកម្ម សំដៅទៅមុខដំណាំដែលកំពុងមានសក្តានុពលក្នុងទីផ្សារ ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ពោត»។ល។ ជាមួយគ្នានេះ ព្រមទាំងជំរុញវារីវប្បកម្មទាំងត្រីទឹកសាប និងត្រីសមុទ្រ ផលិតកម្មសត្វ ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ រួមជាមួយការលើកទឹកចិត្តដល់ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការនៃទីផ្សារ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមឱ្យនៅត្រឹមអប្បបរិមា។

ស្ថិតក្នុងបរិយាកាសនោះដែរ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានឯកភាពចំពោះការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម «ពិសេសលើការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្មលើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួចជាមួយការប្រែប្រួលអាកាសធាតុ»។ ដែលទាំងអស់នេះ គឺត្រូវបានចាត់ទុកជាអាទិភាពក្នុងផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម។ ដូច្នេះ លោកស្រី ជឿជាក់ថា ក្រសួងកសិកម្ម នឹងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រថ្មីនេះ។

រដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួម ការងារនេះសម្រេចទៅបាន គឺត្រូវមានកិច្ចសហការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រទាក់ក្រឡាគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករដែលជាអ្នកផលិត។ លោក និងជឿជាក់ថា លោកស្រី ឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ថែមទៀត ហើយបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា៕

ដោយ៖ឌីណា