ភ្នំពេញ៖ ក្រុមហ៊ុនវារីអគ្គិសនីកំចាយស៊ីណូហាយដ្រូ (Sinohydro Kamchay Hydroelectric Project Co.,LTD) របស់ចិន បានផ្តល់ជំនួយសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកកំពង់បាយ ស្ថិតក្នុងស្រុកទឹកឈូ តំបន់វារីអគ្គិសនីខេត្តកំពត ក្នុងទឹកប្រាក់ចំនួន៨០ម៉ឺននដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា និងកិច្ចការពារបរិស្ថាន និងសង្គម។ បើតាមការឱ្យដឹងពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
ដើម្បីអនុវត្តគម្រោងនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះហត្ថលេខាលើអនុស្សារណ:យោគយល់ជាមួយ លោក Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sinohydro កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
នៅក្នុងពីធីចុះ MoU លោក ចម ប្រសិទ្ធ បានលើកឡើពីសារ:សំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន និងផលប្រយោជន៍ ការបង្កើតទំនប់បង្ហៀរទឹកនៅស្រុកកំពង់បាយ ស្រុកទឹកឈូ ជាការយកចិត្តទុកដាក់ដ៏ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ដើម្បីទាញប្រភពធុនធានទឹកពីទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត ដែលហូរធ្លាក់ចូលសមុទ្រតាមព្រែកកំពង់បាយប្រមាណ ១៧៧០លានម៉ែត្រត្រីគុណ ក្នុងមួយឆ្នាំ ស្របពេលតម្រូវការទាញទឹកចូលរោងចក្រផលិតទឹកស្អាតស្ថិតក្នុងសមត្ថភាពត្រឹម ៦០០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ស្មើនឹង ២២លានម៉ែត្រត្រីគុណ ក្នុងមួយឆ្នាំ។
លោក រដ្ឋមន្រ្តី សង្ឃឹមថា ក្រុមហ៊ុន វារីអគ្គិសនីកំចាយ នឹងអនុវត្តការងារនេះ បានឆាប់រហ័ស ប្រកបដោយគុណភាព សុវត្ថភាព សម្រាប់បម្រើផលប្រយោជន៍ដល់វិស័យទឹកស្អាតខេត្តកំពត ដែលកំពុងមានតម្រូវការកើនឡើង។
នៅក្នុងពិធីខាងលើ លោក Wang Tiefeng បានបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងប្តេជ្ញាចិត្តសាងសង់ទំនប់បង្ហៀរនេះឱ្យបានរួចរាល់នាពេលខាងមុខ ដើម្បីជាប្រយោជន៍បម្រើវិស័យទឹកស្អាតនៅខេត្តកំពត ស្របតាមតម្រូវការប្រជាពលរដ្ឋនិងទស្សន:វិស័យរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ លោក ថា មិត្តភាព ដែលចាត់ទុកជាសហគមន៍រួមវាសនាតែមួយ ដែលបានស្តែងចេញតាមរយ:នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។
បន្ទាប់ពីទំនប់បង្ហៀរទី១ អនុវត្តដោយក្រុមហ៊ុនវារីអគ្គិសនី Sinohydro ត្រូវបានសាងសង់រួច ការសាងសង់ទំនប់បង្ហៀរទី២ នៅផ្នែកខាងក្រោម នឹងត្រូវពិនិត្យលទ្ធភាពបន្តទៀតដែលត្រូវប្រើប្រាស់ដោយថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងសក្តានុពលនៃប្រភពធុនធានទឹកដែលយើងមាន ដោយឈរលើកិច្ចការពារបរិស្ថាន និងផលប៉:ពាល់សង្គមខ្ពស់។ តាមការឱ្យដឹងបន្តពីក្រសួងខាងលើ៕
ដោយ៖ឌីណា