កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើទៅអភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្ដាល ត្រូវធើ្វការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមដងផ្លូវ តាមសួនច្បារ សាលារៀន និងពង្រឹងការអនុវត្ត សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ឱ្យបានល្អប្រសើរ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
ការស្នើខាងលើ នៅក្នុងកិច្ចប្រជុំ ប្រកាសចូលកាន់មុខតំណែងជា អភិបាលខេត្តកណ្ដាលថ្មី របស់ លោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានបន្តថា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ត្រូវមានការប្រកួតប្រជែង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាលក្រុង-ស្រុក ទាំង១១ និងដើម្បីតាមដាន និងពិនិត្យមើល តើក្រុង-ស្រុកណាមួយ ដែលមានការអភិវឌ្ឍន៍រីកចម្រើនជាងគេ មិនត្រឹមតែប៉ុនណ្ណោះនឹងយកធើ្វជាគំរូ ឱ្យស្រុក-ក្រុង ផ្សែងៗទៀតអនុវត្តតាម។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ណាស់ នៅតាមបណ្ដាលក្រុង-ស្រុក ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងប្រទេសជាតិទាំងមូល ព្រមទាំងសបញ្ជក់ពីការយកចិត្តទុកដាក់លើសោភ័ណ្ឌភាពក្រុង-ស្រុក ផងដែរ។ ជាការបញ្ជាក់របស់ អភិបាលខេត្តកណ្ដាលថ្មី លោក គង់ សោភ័ណ្ឌ។
នៅក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តថ្មី ក៏បានជំរុញដល់កងកម្លាំងមន្រ្តីនគរបាលទាំងអស់ ត្រូវទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ដែលភាគច្រើនកើតនៅតាមព្រំដែន ដូច្នេះត្រូវការពារ ទប់ស្កាត់ឱ្យបានជាដាច់ខាត ដើម្បីសុវត្ថិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទាំងអស់គ្នា៕
ដោយ៖ឌីណា