Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណពី៨០០ ទៅ២,០០០លានដុល្លារ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅកោះពេជ្រ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ២,០០០លានដុល្លារ សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីខាងលើ សម្តេច នាយករដ្ឋមន្រ្តី បានសុំឱ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតមួយចំនួន។ សម្ដេច ថា «បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ»។

នាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនជាមានអាការសុខភាពខុសពីប្រក្រតីដូចជា ក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ សម្ដេច បញ្ជាក់ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការឱ្យបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើឱ្យប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕

ដោយ៖ឌីណា