ពោធិ៍សាត់៖ ផ្លូវជាតិទាំងពីរខ្សែ គឺផ្លូវជាតិលេខ៥៥ និងលេខ១០ បាននិងកំពុងសម្ពោធ និងបើកការដ្ឋានសាងសង់ នាព្រឹកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ការពារអធិបតេ យ្យភាពជាតិផង ព្រមទាំងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ជាការថ្លែងឱ្យដឹងពី សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
សម្ដេច នាយកដ្ឋមន្រ្តី បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់លើ ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្ពាន និង កំពង់ផែ ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ដាច់ស្រយាលឱ្យមកកៀកនឹងទីក្រុង ទីប្រជុំជន រមណីយដ្ឋាន ធម្មជាតិនិងប្រវត្តិសាស្រ្តនានា និងតភ្ជាប់ជាមួយបណ្តាញផ្លូវនៃប្រទេសជិតខាងក្នុងតំបន់ និងពិភពលោក។ សម្ដេច បញ្ជាក់ សំដៅបង្កើតបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការល្អនៅតាម ព្រំដែន បង្កើតមុខរបរ បង្កើនចំណូលគ្រួសារ លើកកម្ពស់សុខុមាលភាពសង្គម និងការអប់រំ ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស។
នៅក្នុងពិធីខាងលើ សម្ដេច បន្ថែមថា ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ហើយ ក្នុងការអភិវឌ្ឍប្រទេសរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅ ២សំខាន់ គោលដៅទី១គឺ ការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ឱ្យក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២គឺ ការប្រែក្លាយតំបន់ព្រំដែនទាំងអស់ឱ្យទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
ចំពោះផ្លូវជាតិលេខ១០ ដែលត្រូវបើកការដ្ឋាននាពេលនេះ បានបង្ហាញនូវមោទកភាពចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ក្រោយពីបានផ្លូវនេះមួយទៀតបងប្អូនប្រជាពលរដ្ឋនៅវាលវែងនេះរស់នៅកាន់តែមានភាពងាយស្រួល។ ជាការបន្ថែមទៀតរបស់ សម្ដេច បានហៅតំបន់នេះថា «សំណាងថ្មដា វាសនាវាលវែង» និងបញ្ចាក់ឱ្យដឹងថា ថ្ងៃអនាគតនឹងមានការបង្កើនរោងចក្រនៅទីនេះផងដែរ។
យុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចទាក់ទង នឹងផ្លូវជាតិលេខ៥៥ និងលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុង ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច។ ជាការថ្លែង របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុងពិធីនខាងលើ បានបញ្ជាក់ ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅថ្មដាក្នុងខេត្តពោធិ៍សាត់ នៅចាំយាមក្នុងខេត្តកោះកុង និងកំពង់ផែសមុទ្រ ទឹកជ្រៅនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។
ការសាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមា និតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រមទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ តាមការថ្លែងឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។
លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានបន្តទៀតថា ផ្លូវជាតិលេខ៥៥ ចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងបានប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៨ខែ គិតចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។
លោក ស៊ុន ចាន់ថុល បានបន្ថែមឱ្យដឹងថា ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលកំពុងសម្ពោធបើកការដ្ឋានសាងសង់ក្នុងពេលនេះ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងពិធីដដែល លោក ស៊ុន ចាន់ ថុល បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសធនាគារអាហរ័ណ-នីហរ័ណចិន ដែលបានគាំទ្រ និងសហការផ្តល់ឥណទាន និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់សម្រាប់ការសាងសង់ ស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ដើម្បីរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានជួយជ្រោមជ្រែងក្នុងស្ថាបនាផ្លូវនេះ។ ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនេះសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ចៀសវាងគ្រោះចរាចរណ៍៕
អត្ថបទទាក់ទង៖ https://www.khmerhome.com/article/119242
ដោយ៖ឌីណា