ពោធិ៍សាត់៖ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ ក្រុងខេមរភូមិទ្ទ ខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ ក្នុងគម្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការថ្លែងឱ្យដឹងពី សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបន្តថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ពីមុនផ្លូវនេះជាផ្លូវជាតិលេខ៥៦ ដែលពេលនេះប្តូរមកជាផ្លូវជាតិលេខ៥៥វិញ។ ជាការរម្លឹករបស់សម្ដេច នាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំបើកច្រកព្រំដែនកម្ពុជា-ថៃ (ច្រកថ្មដា) ដើម្បីភ្ជាប់ខេត្តពោធិ៍សាត់ជាមួយនឹងខេត្តត្រាតនៃប្រទេសថៃ ក្នុងការនាំទំនិញចេញចូលរវាងប្រទេសទាំងពីរ និងដើម្បីជីវភាពនៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងពិធីខាងលើ សម្ដេច បន្ថែមថា ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ហើយ ក្នុងការអភិវឌ្ឍប្រទេសរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅ ២សំខាន់ គោលដៅទី១គឺ ការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ឱ្យក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២គឺ ការប្រែក្លាយតំបន់ព្រំដែនទាំងអស់ឱ្យទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
ចំពោះផ្លូវជាតិលេខ១០ ដែលត្រូវបើកការដ្ឋាននាពេលនេះ បានបង្ហាញនូវមោទកភាពចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ក្រោយពីបានផ្លូវនេះមួយទៀតបងប្អូនប្រជាពលរដ្ឋនៅវាលវែងនេះរស់នៅកាន់តែមានភាពងាយស្រួល។ ជាការបន្ថែមទៀតរបស់ សម្ដេច បានហៅតំបន់នេះថា «សំណាងថ្មដា វាសនាវាលវែង» និងបញ្ចាក់ឱ្យដឹងថា ថ្ងៃអនាគតនឹងមានការបង្កើនរោងចក្រនៅទីនេះផងដែរ។
សម្តេច បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខទាំងពីរខ្សែនេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ថៃ និងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។
គម្រោង សាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមា និតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រមទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ តាមការឱ្យដឹងពី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុងពិធីនខាងលើបន្តថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលកំពុងសម្ពោធបើកការដ្ឋានសាងសង់ក្នុងពេលនេះ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា យុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចទាក់ទង នឹងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុង ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច។ រដ្ឋមន្រ្តី បន្ថែមទៀតថា ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅថ្មដាក្នុងខេត្តពោធិ៍សាត់ នៅចាំយាមក្នុងខេត្តកោះកុង និងកំពង់ផែសមុទ្រ ទឹកជ្រៅនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង៕
ដោយ៖ឌីណា