ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Chiho Kang បានស្នើឱ្យ លោកទូត ពិនិត្យលទ្ធភាពជួយដល់ការ រៀបចំកម្មវិធីបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា។ លោក រដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្ន និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាវិល័យមានចំនួនត្រឹមតែ ៣,៤ភាគរយប៉ុណ្ណោះ។
នៅក្នុងជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងដឹកជញ្ជូន ក៏មានវត្តមាន របស់ លោក Ryan Tierney លេខាទីមួយអមស្ថានទូត និងលោក David Bloch លេខាទីមួយផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ អមដំណើរ លោកអគ្គរដ្ឋទូតផងដែរ។
ស្ថិតនៅក្នុងបរិយាកាសនោះ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានប្រាប់ទៅ លោក ទូត អំពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវ Road Care Mobile App និងការប្តេជ្ញាជួសជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច ឱ្យបាន៥០ភាគរយក្នុងរយៈពេល ១ខែ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកង្វះខាតវិស្វករផ្លូវថ្នល់នៅកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ចំពោះសំណើរបស់ លោក រដ្ឋមន្ត្រី ដែលបានលើកឡើង និងបានសន្យាថានឹងពិនិត្យមើលលើបញ្ហានេះ។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា បានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពនៃការអភិវឌ្ឍបណ្តាញតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា គឺគម្រោងពង្រីកបណ្តាញផ្លូវថ្នល់ពីពីរគន្លងទៅបួនគន្លង និងការលើកកម្ពស់ គុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដើម្បីឆ្លើយតបទៅនឹង កំណើនយានយន្ត និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118447
https://www.khmerhome.com/article/117965
https://www.khmerhome.com/article/117933
ដោយ៖ឌីណា