Register Already an agent ? Login

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបចំណាយថវិកា ៦៦លានដុល្លារ ក្នុងគោលដៅខេត្តចំនួន ៧

ភ្នំពេញ៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លានដុល្លារ (ADB ៥០លានដុល្លារ, IFAD ១០ដុល្លារ និងរាជរដ្ឋាភិបាល ដុល្លារ)។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃ១ ខែ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែ ឆ្នាំ២០២៣ ក្នុងខេត្តគោលដៅចំនួន៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០។ នេះបើតាមគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់និងមេសាទ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង ​សាខុន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគម្រោងដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ។ 

អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក វេង ​សាខុន បានបន្តថា ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្មខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឱ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

នៅក្នុងប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម លោក វេង សាខុន បានបន្ថែមថា តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ៦ភាគរយ នៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ដោយប្រយោលពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។

ស្ថិតក្នុងស្ថានភាពចំពោះមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយ:ទ្រទ្រង់ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាការលើកឡើងបន្ថែមទៀត របស់ អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម  លោក ថា ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈការផ្តល់ទឹកប្រាក់រហូតដល់ ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។ 

លោក រដ្ឋមន្ត្រីបានផ្តល់គំនិតគោលសំខាន់ៗដល់ម្ចាស់ជំនួយ នាយកគម្រោង មន្រ្តីអនុវត្តគម្រោង និងមន្រ្តី ឬជនបង្គោលថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ដែលជាគោលដៅរបស់គម្រោងយកទៅត្រិះរិះពិចារណា ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១-ត្រូវគិតគូអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ផលិតកម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹក សក្តានុពលស្រោចស្រពស្រូវ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវត្តិ រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងការធ្វើកសិកម្មចម្រុះ ដោយបញ្ចូលការជីកស្រះចិញ្ចឹមត្រី។

ទី២-បង្កើនគុណភាពកសិផល ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍ និងពិនិត្យលទ្ធភាពរកទីតាំងលក់ផលិតផលសរីរាង្គ ផលិតផល GAP ដែលមានស្តង់ដារ និងអនាម័យខ្ពស់។

ទី៣-បន្តអភិវឌ្ឍកសិដ្ឋានគំរូ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍កសិកម្ម ពង្រឹង និងពង្រីកផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ដោយកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ គឺងាកមកធ្វើពិពិធកម្មកសិកម្មប្រកបដោយភាតរបរិស្ថាន ព្រមទាំងខិតខំការប្រែក្លាយសហគមន៍ គំរូឱ្យទៅជា «ភូមិមួយ ផលិតផលមួយ»។ ជាមួយគ្នានេះ គួរកំណត់តំបន់ដាំដុះ នៅក្នុងខេត្តគោលដៅ និងតំបន់ផ្សេងៗទៀត ដោយចងក្រងទិន្នន័យតាមភូមិសាស្ត្រនីមួយៗ ដើម្បីជាធាតុចូលសម្រាប់រៀបចំជាផែនទីបង្ហាញផ្លូវអំពីដាំដុះដំណាំកសិកម្ម។

ទី៤-ត្រូវសិក្សាស្រាវជ្រាវពីផលប៉ះពាល់ដល់បរិមាណផលត្រី ផលស្តុកធម្មជាតិ និងជីវភាពរបស់សហគមន៍នេសាទសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ។ ផលប៉ះពាល់លើធនធានជលផល ដែលបណ្តាលមកពីការប្រែប្រួលរបបទឹកទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាង ឬទន្លេ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអធិការដ្ឋាន និងខណ្ឌរដ្ឋបាលជលផល ព្រៃឈើទាំងអស់ត្រូវផ្សព្វផ្សាយពីផល ប្រយោជន៍នៃព្រៃឈើ ព្រៃលិចទឹក និងចាត់វិធានការទប់ស្កាត់ការរំលោភយកដីព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាងធ្វើជាកម្មសិទ្ធិខុសច្បាប់ ទប់ស្កាត់ភ្លើងឆេះព្រៃ។

ទី៥-ម្ចាស់ជំនួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូ ឱ្យបានល្អិតល្អន់ និងមានទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយទាក់ទងទៅនឹងការប្រើប្រាស់ថវិកា កម្មវត្ថុ ឬគោលបំណងរបស់គម្រោង សកម្មភាពអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក ដោយត្រូវតោងភ្ជាប់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះ និងជាពិសេសត្រូវគិតដល់អ្នកទទួលផលចុងក្រោយ ធ្វើយ៉ាងណាក្រោយពេលគម្រោងចប់ សកម្មភាពរបស់គម្រោងនៅមាននិរន្តរភាព៕

ដោយ៖ឌីណា