Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ដោយសារតែវិបត្តិជំងឺ Covid-19 ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា មានការធ្លាក់ចុះប្រមាណ ១លាននាក់ ខណៈប្រទេសថៃ ៦លាននាក់

សៀមរាប៖ ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ ១លាននាក់ ខណៈប្រទេសថៃបានព្យាករណ៍ដែរថា ប្រទេសគេនឹងជួបបញ្ហាធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់។ តាមការថ្លែងឱ្យដឹងពី លោក ថោង ខុន។

លោក ថោង ខុន បានថ្លែងបន្តថា ប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ៤០ភាគរយ ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម ១០ភាគរយ ទៅ១៥ភាគរយ ប៉ុណ្ណោះ។

បានបើតាមការអះអាងរបស់ រដ្ឋមន្រ្តីក្រសួទេសចរណ៍ លោក ថោង ខុន ថា ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ ២៥ភាគរយ មកវិញ នេះបើតាមការព្យាករណ៍។

ការថ្លែងខាងលើរបស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថា នៅក្នុងពិធីផ្សព្វផ្សាយពីវិធានការរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងសាម៉ី ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ជាតិក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះនេះ ក៏បានលើកឡើងពីបទពិសោធន៍កាលដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២-២០០៣ ក្នុងនោះភ្ញៀវទេសចរដែលមកលេងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ លោក បន្ថែមឱ្យដឹងថា ជាក់ស្ដែង ដោ យអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើភ្ញៀវទេសចរក្នុងស្រុកដល់ទៅ ៩ភាគរយ ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។

រដ្ឋមន្រ្តីក្រសួងសេនាធិការរាជរដ្ឋាភិបាលដដែល បានបន្ថែមទៀត ជាអកុសល នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០នេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺ Covid-19 ថ្មីនេះទៀត ដែលបណ្ដាលឱ្យវិស័យទេសចរណ៍លើពិភពលោកជួបបញ្ហាឱនភាព ក្នុងនោះកម្ពុជាក៏គេចមិនផុតពីបញ្ហានេះដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានដាក់ចេញវិធានការជំរុញឱ្យមានចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។

លោក ថោង ខុន លើកពីសេចក្ដីណែនាំ របស់ សម្ដេច នាយករដ្ឋមន្ត្រី ក្នុងការជំរុញលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនបម្រើសេវាកម្មមគ្គុទ្ទេសក៍ជូនភ្ញៀវទេសចរក្នុងស្រុកវិញម្ដង បើទោះបីជាការបម្រើសេវាជូនភ្ញៀវអន្តរជាតិរាងស្បើយបន្តិចក៏ដោយនោះ។

លោក បានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងពីវិធានការ ជាច្រើនលើកច្រើនសា ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19 នេះ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានមានប្រសាសន៍សាសន៍ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ត្រៀមខ្លួនបម្រើសេវាកម្មមគ្គុទ្ទេសក៍ជូនភ្ញៀវទេសចរក្នុងស្រុក និងប្រជាពលរដ្ឋខ្មែរ ដែលទៅលេងខេត្តសៀមរាបវិញម្ដង ស្របពេលភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាកំពុងបន្តធ្លាក់ចុះ។

លោក ថោង ខុន បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ពួកគាត់នូវអ្វីដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើម៕

អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118885

                          https://www.khmerhome.com/article/118895

                           https://www.khmerhome.com/article/118346

                            https://www.khmerhome.com/article/117391

ដោយ៖ឌីណា