ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើក្រសួងស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ ការកាត់បន្ថយចំណាយចរន្តនេះ គឺរាជរដ្ឋាភិបាលកម្ពុជាអាចសន្សំថវិកាបានប្រមាណ ៤០០លានដុល្លារអាមេរិក ដែលអាចយកមកដោះស្រាយបញ្ហាប្រឈមចាំបាច់នានា។ សម្តេច បានបញ្ជាក់ មិនមានការកាត់បន្ថយលើការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។
នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា សម្តេច នាយករដ្ឋមន្រ្តី បានសម្រេចដាក់ចេញនូវអាទិភាពចម្បង ពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) បានសម្រេចឱ្យក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០ភាករយ។
សម្ដេច បញ្ជាក់ទៀតថា ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី គឺត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ២៥ភាគរយ។
ប្រមុខរាជរដ្ឋាភិបលបាន បន្ថែមថា ចំពោះការចំណាយ និងបញ្ជូនមន្រ្តីទៅបេសកកម្មក្រៅប្រទេស ឧទាហរណ៍បើទៅ ៥នាក់ គឺឱ្យទៅតែ២នាក់ទេ។ ទន្ទឹមនឹងនោះ គឺត្រូវផ្តល់ការងារឱ្យអគ្គរាជទូតប្រចាំការនៅក្រៅប្រទេសចូលរួមប្រជុំជំនួស។
នៅក្នុងពិធីខាងលើ នាយករដ្ឋមន្រ្តីកម្ពុជា នឹងបន្តតាមដានពិនិត្យមើលថា តើមានរដ្ឋមន្រ្តីក្រសួងណាខ្លះ ដែលអនុវត្តដោយមានការភ្ញាក់រឮកខ្ពស់។ ចំពោះការដ្ឋានសាងសង់ក៏ដូចគ្នាដែរ ប្រសិនបើមិនទាន់បើកការដ្ឋានសាងសង់នៅឡើយទេ គឺត្រូវផ្អាកសិន ត្រូវដោះស្រាយបញ្ចប់បញ្ហាជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) ឱ្យចប់ផុតសិន៕
ដោយ៖ឌីណា