សៀមរាប៖ ដើម្បីជំរុញកំណើនទេសចរទៅកាន់ខេត្តសៀមរាប និងដើម្បីជំរុញឱ្យមានការស្នាក់នៅក្នុងខេត្តនេះឱ្យកាន់ តែច្រើនឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឱ្យមានការរៀបចំកិច្ចប្រជុំថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍ ទស្សនកិច្ច វប្បធម៌ សិល្បៈ សាសនា កីឡា ម្ហូបអាហារជាច្រើនទៀតនៅសៀមរាប-អង្គរ ចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០២០ មានចំនួន ៣៣។
ព្រឹត្តិការណ៍ទាំងនោះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដល់បុគ្គលិក និយោជិត ប្រតិប ត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគាររីជេនស៊ីអង្គរ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
កិច្ចប្រជុំ និងព្រឹត្តិការណ៍ទាំងនោះរួមមាន៖
ទី១-ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២០ (BIZ Fair-2020) ដែលបាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Charter)។ ទី២-កិច្ចប្រជុំ AMECS SOM Meeting ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣-៤ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ទី៣-កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM SOM Retreat Meeting ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៥-៦ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទី៤-កិច្ចប្រជុំគណៈកម្មការរួមកម្ពុជា-អឺរ៉ុប (Cambodia-EU Joint Commision) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ទី៥-កិច្ចប្រជុំគណៈកម្មការអាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែមីនា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។ ទី៦-ព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» លើកទី១ ឬបាតុភូត Equinox ដែលនឹងកើតមាននៅចន្លោះថ្ងៃទី២០-២៣ ខែមីនា ក្នុងនោះក្រសួងទេសចរណ៍នឹងចូលរួមសហការរៀបចំជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។
ទី៧-កម្មវិធីផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន ២០២១ (ATF-2020 Roadshow) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ដោយក្រសួងទេសចរណ៍។ ទី៨-កម្មវិធីបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការទេសចរណ៍ពិភពលោក (UNTWO) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ដោយក្រសួងទេសចរណ៍។ ទី៩-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលនឹងមកដល់ ហើយនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍។
ទី១០-កម្មវិធីចុងភៅពិភពលោកគ្មានព្រំដែន (World Chefs without Borders SCR) និងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីភាពរីករាយ (Fun Run) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៦-៣០ ខែមេសា ដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត សការជាមួយក្រុមចុងភៅពិភពលោកគ្មានព្រំដែន។ ទី១១-ដំណើរទស្សនកិច្ចរបស់បវរកញ្ញាភពផែនដី ឆ្នាំ២០២០ (Tour of Miss. Planet International 2020) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ១-២ ខែឧសភា ដោយក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីបវរកញ្ញាភពផែនដី។ ទី១២-កិច្ចប្រជុំថ្នាក់តំបន់លើយន្តការអាស៊ាន ស្ដីពីការវាយតម្លៃលើការសិក្សាពីមុន ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៨-១៩ ខែឧសភា ដោយក្រសួងទេសចរណ៍។
ទី១៣-ទិវាវិសាខបូជា ឬពិសាខបូជា (Buddha Day) ដែលនឹងត្រូវរៀបចំឱ្យបានអធិកអធមជាងឆ្នាំមុនៗ ដោយភ្ជាប់ជាមួយដំណើរកម្សាន្តសម្រាប់ប្រជាពុទ្ធបរិស័ទ នៅថ្ងៃទី០៦ ខែឧសភា ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា។ ទី១៤-កិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងដើមខែមិថុនា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។ ទី១៥-សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកអង្គរ (JCI ASIA-PACIFIC Conferance Angkor) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១១-១៤ ខែមិថុនា។
ទី១៦-កិច្ចប្រជុំថ្នាក់តំបន់លើការធ្វើបច្ចុប្បន្នកម្មស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ដោយក្រសួងទេសចរណ៍។ ទី១៧-ព្រឹត្តិការណ៍សិល្បអង្គរ (Angkor Art Festival) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែមិថុនា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា។ តី១៨-ទិវាយោគអន្តរជាតិ (Yoga Day) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ខែមិថុនា ដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍។
១៩-សន្និសីទអន្តរជាតិលើកទី២ ស្ដីពីទេសចរណ៍ម្ហូបអាហារ ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ដោយក្រសួងទេសចរណ៍។ ទី២០-ពិធីបុណ្យអេកូទេសចរណ៍ (Eco-Tourism Festival) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែកក្កដា ដោយក្រសួងទេសចរណ៍។ ទី២១-ព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុង (Full Marathon) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៩ ខែសីហា ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍។
ទី២២-ពិព័រណ៍ទេសចរណ៍កម្ពុជា ឆ្នាំ២០២០ (Cambodia Travel Mart = CTM 2020) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៥ ខែសីហា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth របស់សិង្ហបុរី។ ទី២៣-កិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងដើមខែកញ្ញា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។ ទី២៤-ពិធីបុណ្យភ្ជុំបិណ្ឌ (Spiritual Commemoration Ceremony) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងធម្មការ និងសាសនា។
ទី២៥-ព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» លើកទី២ ដែលនឹងត្រូវកើតមាននៅចន្លោះថ្ងៃទី២០-២៣ ខែកញ្ញា ដោយក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។ ទី២៦-ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែកញ្ញា ដោយក្រសួងទេសចរណ៍។ ទី២៧-ព្រឹត្តិការណ៍ប្រគំតន្ត្រីអង្គរ (Angkor Music Festival) ដែលនឹងត្រូវរៀបចំឡើងនាកំលុងខែតុលា ដោយក្រសួងទេសចរណ៍។
ទី២៨-ព្រឹត្តិការណ៍ប្រគំតន្ត្រីម៉ូហ្សាអង្គរ (MOZA Angkor) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍។ ទី២៩-ទស្សនកិច្ចក្រោយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (Post Tour of 13th ASIA-EU Summit) ដែលនឹងត្រូវរៀបចំឡើងនៅកំលុងចុងខែវិច្ឆិកា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ទី៣០-ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែវិច្ឆិកា ដោយរដ្ឋបាលខេត្តសៀមរាប។
ទី៣១-កិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងដើមខែធ្នូ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។ ទី៣២-ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង (International half Marathon and Martial Arts) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៦ ខែធ្នូ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍។ ទី៣៣-ពិធីបុណ្យឆ្លងឆ្នាំអង្គរ (Angkor Countdown) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែធ្នូ ដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា៕
អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118885
https://www.khmerhome.com/article/118346
ដោយើឌីណា