Register Already an agent ? Login

លោក ថោង ខុន៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ខណៈប្រទេសជាច្រើនប្រឈមជុំវិញវិបត្តិជំងឺ Covid-19

ភ្នំពេញ៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្មានការព្រួយបារម្ភចំពោះបញ្ហាឆ្លងជំងឺ Covid-19 នោះឡើយ ខណៈប្រទេសជាច្រើនលើពិភពលោក កំពុងជួបបញ្ហាប្រឈមជុំវិញវិបត្តិជំងឺ Covid-19 នេះ។ ជាការបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បន្តថា ទោះជាយ៉ាងណា កម្ពុជា តែងតែមានការប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺនេះផងដែរ។

លោក រដ្ឋមន្រ្តីក្រសួងទេសចេរណ៍បានបញ្ជាក់ទៀតថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក រដ្ឋមន្ត្រី បានលើកបង្ហាញពីវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងវិធានការសំខាន់ៗ ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តនៅខេត្តសៀមរាប ក្នុងនោះក្រសួង បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីចុះអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងផ្ទាល់។

នៅក្នុងពិធីខាងលើ លោក ថោង ខុន បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចពីគោ លដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍ដទៃទៀត ជាក់ស្ដែងប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប អាចទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ឬតំបន់ភូមិភាគឦសាន ឬរាជធានីភ្នំពេញ ឬទៅតាមបណ្ដាខេត្តនានាផ្សេងទៀត។ លោក បន្ថែមថា ចំណែកឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតាមបណ្ដាខេត្ត ឬគោលដៅទេសចរណ៍ដទៃក៏អាចមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ភ្នំគូលែន តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ជាច្រើនទៀត។

ខេត្តសៀមរាប ក្រៅតំបន់អង្គរទាំងមូល ក៏មានរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍មិនតិចដែរ ដូចជានៅតំបន់អេកូទេសចរណ៍ចុងឃ្នាស សហគមន៍អេកូទេសចរណ៍ជ្រាវ សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក តំបន់ទេសចរ ណ៍នៅភ្នំគូលែន សហគមន៍ទេសចរណ៍បន្ទាយស្រី រមណីយដ្ឋានទេសចរណ៍របស់ផ្នែកឯកជនជាច្រើន។ ជាការបង្ហាញតំបន់ទេសចរណ៍ បន្ថែមទៀត របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក បានលើកឡើងឱ្យដឹងថា ខេត្តសៀមរាប នឹងត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សិល្បៈ កីឡា ម្ហូបអាហារ ពិធីបុណ្យសាសនា ការប្រគំតន្ត្រី ព្រឹត្តិការ ណ៍សៀមរាបសង្ក្រាន្ត បាតុភូតព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដំណើរទស្សនកិច្ច និងកិច្ចប្រជុំថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិជាច្រើនទៀត សម្រាប់ឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

លោក ថោង ខុន បានលើកឡើងបន្តថា បុគ្គលិក និយោជិត និង មគ្គុទេសក៍ទេសចរណ៍ ដែលត្រូវបានកាត់បន្ថយ ឬផ្អាកការងារ ក្នុង ដំណាក់កាលលំបាកនេះ អាចមកមកទទួលការបណ្ដុះបណ្ដាលជំនាញល្អៗ ជាមួយក្រុមការងាររបស់ក្រសួងទេសចរណ៍ ដែលជាការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសដើម្បីឱ្យបុគ្គ លិកនិយោជិតកាន់តែមានសមត្ថភាពល្អប្រសើរជាងមុន ពេលភ្ញៀវទេសចរកើនឡើងវិញ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ខ្លួននឹងបានរៀបរយទាន់ពេលចំពោះការទទួលស្វាគមន៍ និងបម្រើសេវាកម្មជូនភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងឡាយនៅខេត្តសៀមរាប គប្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជាមួយបុគ្គលិក និយោជិតរបស់សណ្ឋាគារ ផ្ទះសំណាក់ខាងលើឱ្យបានច្រើនកុះករ ព្រោះជានេះជាឱកាសទទួលបានអត្ថប្រយោជន៍សម្រាប់ពួកគេផ្ទាល់ ។ទន្ទឹមនឹងនេះ មគ្គុទេសក៍ ក៏ត្រូវត្រៀមខ្លួន ដើរបំរើភ្ញៀវវក្នុងស្រុកផងដែរ៕

អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118346

ដោយ៖ឌីណា