ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានដូចជា ផ្លូវជាតិលេខ៤១ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៧១C ចាប់ពីក្រុងសួងរហូតដល់ចម្ការលើ, ផ្លូវជាតិលេខ៥០ ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តកំពង់ធំ, ផ្លូវជាតិលេខ៧១ ចាប់ពីត្រើងរហូតដល់កំពង់ថ្ម (ចាប់ពីផ្លូវជាតិលេខ៧រហូតដល់ផ្លូវជាតិលេខ៦) និងផ្លូវជាតិលេខ១៤៨B ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមការឱ្យដឹងពី លោក ស៊ុន ចាន់ថុន។
នៅកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ ប្រធាន/តំណាងក្រុមហ៊ុនដឹកជញ្ជូនវិស័យឯកជនកាលពីថ្ងៃទី២ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានបន្តឱ្យដឹង អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ និងលើកគុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្ដើង 00(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លង។
លោក បន្ថែមថា ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីអ្នកលឿងទៅដល់បាវិត, ផ្លូវជាតិលេខ២ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តតាកែវ, ផ្លូវជាតិលេខ៣ចាប់ពីរាជធានីភ្នំពេញទៅដល់បែកគុស(៤គន្លងផ្លូវ) និងចាប់ពីបែកគុសទៅដល់ខេត្តកំពតពង្រីកដល់១២ម៉ែត្រ, ផ្លូវជាតិលេខ៤ចាប់ពីភ្នំពេញទៅដល់ ខេត្តព្រះសីហនុពង្រីកទៅដល់១១ម៉ែត្រ និងគម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវថ្នល់ជាច្រើនទៀតផងដែរ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានឱ្យដឹងបន្ថែមទៀត ក្នុងនោះមានគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅជម្រៅ ១៤ម៉ែត្រកន្លះ និងមួយទៀតជម្រៅ ១៧ម៉ែត្រកន្លះ ដើម្បីអាចឱ្យនាវាធំៗដឹកទំនិញក្នុងតម្លៃប្រកួតប្រជែង ឆ្ពោះត្រង់ទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118447
https://www.khmerhome.com/article/117965
https://www.khmerhome.com/article/117933
ដោយ៖ឌីណា