ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ផ្លូវនេះសម្រេចបាន២០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ពីព្រោះក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័ សជាងការរំពឹងទុក។ បើតាមការឱ្យដឹងពូក្រសួងដឹកជញ្ជូន។
គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿកនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០ភាគរយ នឹងគ្រោងបញ្ចប់ការដោះស្រាយផលប៉ះពាល់នេះនៅខែឧសភា ឆ្នាំ២០២០ នេះ។ ជាការថ្លែងឱ្យដឹងពី លោក យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងដឹកជញ្ជូន នៅពេលចុះត្រួតពិនិត្យផ្លូវខាងលើ កាលពីថ្ងៃទី២ ខែមីនា នេះ។
សូមបញ្ជាក់ថា ការចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើឡើងដើម្បីពិនិត្យសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ក៏ដូចជាស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់ដែរ។
សកម្មភាពខាងលើ លោក យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំគណៈប្រតិភូក្រសួង ដោយមានការចូលរួមពី លោក គង់ សារាជ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក គង់ សារាជ បានគាំទ្រយ៉ាងពេញទំហឹង នូវស្ថានភាពសាងសង់ គុណភាពផ្លូវ និងវឌ្ឍនភាពដែលទទួលបាននាពេលនេះ។ លោក បានបន្តថា ផ្លូវល្បឿនលឿន និងកំពង់ផែសមុទ្រទឹកជ្រៅដែលអាចឱ្យនាវាធំៗចូលចតបាន និងដឹកជញ្ជូន ត្រង់ទៅបណ្ដា ប្រទេសនានា នឹងជំរុញឱ្យក្រុងមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសយើង៕
ដោយ៖ឌីណា