ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជាមួយជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណ ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២លានដុល្លារ។ តាមការលើកឡើងឱ្យដឹងពីលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលាស្តីពី «Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ អនុរដ្ឋាលេខាក្រសួងពាណិជ្ជបានលើកឡើងបន្តថា គម្រោងវិនិយោគរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេក ទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
សិក្ខាសាលាខាងលើ សហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាឱ្យបានយល់ដឹងកាន់តែប្រសើរឡើងពីឧស្សាហកម្មបច្ចេកវិទ្យា Software របស់ជប៉ុន ក៏ដូចជាដើម្បីលើកកម្ពស់កិច្ចសន្ទនា និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងសហគ្រាសកម្ពុជា-ជប៉ុន។ សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៧៣នាក់។ បើតាមក្រសួងពាណិជ្ជកម្ម។
ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថល ឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី៤.០ ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ ហើយនិងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។ ជាការបន្ថែមរបស់ អនុរដ្ឋាលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៊ុន ចន្ធី ថា ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹងនិងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។
នៅក្នុងសិក្ខាសាលាខាងលើនេះ លោក Yasushi Ishida តំណាងពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានឡើងថ្លែងថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលមានសមាជិកអាស៊ានចូលរួម ក្នុងគោលបំណងបង្កើតឱ្យមាន សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ទំនាក់ទំនង និងការសិក្សាតាមប្រទេសនីមួយៗ នៅក្នុងបណ្តាសមាជិកអាស៊ាន។
លោក Yasushi Ishida បានបន្តថា ការបង្កើតឱ្យមានសិក្ខាសាលានាថ្ងៃនេះ មានកិច្ចសហការជាក្រសួងពាណិជ្ជកម្ម បានជំរុញ និងគាំទ្រក្នុងការរៀបចំសិក្ខាសាលានេះ ដោយជោគជ័យ និងមានអត្ថប្រយោជន៍ដល់សិក្ខាកាមពីបណ្តាលក្រុមហ៊ុនព័ត៌មានវិទ្យា ដោយផ្តោតសំខាន់ទៅលើការជំរុញវិស័យព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ក្នុងការជំរុញបច្ចេកវិទ្យាព័ត៌មាននៃបដិវត្តន៍ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤.០៕
ដោយ៖ឌីណា