Register Already an agent ? Login

CDC ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ៤ វិនិយោគលើវិស័យកាត់ដេរ ផលិតសម្ភារៈបរិក្ខាអគ្គិសនី និងសណ្ឋាគារថ្នាក់ផ្កាយ៥ ក្នុងទំហំទឹកប្រាក់ចំនួន ៧៨,៩លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៤​ វិនិយោគលើវិស័យកាត់ដេរ ផលិតសម្ភារៈបរិក្ខាអគ្គិសនី និងសណ្ឋាគារថ្នាក់ផ្កាយ៥ ក្នុងទំហំទឹកប្រាក់ចំនួន ៧៨,៩លានដុល្លារ ដែលផ្ដល់ការងារចំនួន ៣,៣២៤កន្លែង។

ទី១.ក្រុមហ៊ុន JOVIAL CHARM CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០៩កន្លែង។

ទី២.ក្រុមហ៊ុន PINYTEX CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥១៤កន្លែង។

ទី៣.ក្រុមហ៊ុន BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់កោររោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេននិងភូមិសន្តិភាព ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។

ទី៣.ក្រុមហ៊ុន WON MAJESTIC (CAMBODIA) CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង៕

ដោយ៖ឌីណា