Register Already an agent ? Login

ក្នុងខែមករា នេះ មន្ត្រីក្រសួងដឹកជញ្ជូន ត្រួតពិនិត្យយានយន្តសរុបជាង១សែនគ្រឿង រកឃើញបទល្មើសជាង៣ម៉ឺនគ្រឿង ផាកពិន័យបានប្រាក់ជាង ៥១លានរៀល

ភ្នំពេញ៖ ក្នុងខែមករា​ ឆ្នាំ២០២០ ក្រុមការងារក្រសួងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តសរុបជាង ១សែនគ្រឿង ក្នុងនោះមានម៉ូតូជាង ៦ម៉ឺនគ្រឿង ដោយបានបានរកឃើញយានយន្តល្មើសជាង ៣ម៉ឺនគ្រឿង អនុវត្តការបង់ផាកពិន័យតាមស្នាក់ការបានទឹកប្រាក់ពិន័យជាង ៥១លានរៀល និងបានត្រួតពិនិត្យការពាក់មួកសុវត្ថិភាពលើអ្នកជិះម៉ូតូសរុបជាង ៣ម៉ឺន១រយនាក់ ដោយឃាត់ និងបង្ខំឱ្យពាក់មួកបានជាង១ម៉ឺន៨ពាន់នាក់។ បើតាមការឱ្យដឹងពី លោក ស្រី មឹន ម៉ាណាវី រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន អានរបាយការណ៍ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

រដ្ឋាលេខាធិការក្រសួងដឹកជញ្ជូន បានបន្តឱ្យដឹងថា ដោយឡែកការងារល្បាតការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ ក្រុមការងារត្រួតពិនិត្យរថយន្តបានជាង១ម៉ឺន៣ពាន់គ្រឿង រកឃើញរថយន្តល្មើស និងផាកពិន័យតាមច្បាប់បានជាង ៦ពាន់៤រយគ្រឿង។ លោក ស្រី ថា ក្នុង១ខែមករានោះដែរ មន្ត្រីនគតបាលចរាចរណ៍ បានរកឃើញរថយន្តល្មើសល្បឿន និងចាត់ការតាមច្បាប់បានជាង ៣រយគ្រឿង បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តជាង ៦រយគ្រឿង យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាង ១ម៉ឺន២ពាន់គ្រឿង និងបានធ្វើតេស្តអ្នកបើកបរ និងព្រូឡាន២៤នាក់ រកឃើញមានផ្ទុក៨នាក់។

លោក ស្រី មឹន ម៉ាណាវី បានឱ្យដឹងបន្ថែមថា ជាការកត់សំគាល់ នៅក្នុងខែមករា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងសរុប ៣៥៨លើក បណ្ដាលឱ្យមានអ្នកស្លាប់ ២០៦នាក់ និងរបួសធ្ងន់ស្រាល ៥៥៨នាក់ ។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ មិនគោរពសិទ្ធិអាទិភាព២២ភាគរយ មិនប្រកាន់ស្ដាំ ១០ភាគរយ ការវ៉ាជែង ១១ភាគរយ បត់មិនប្រយ័ត្ន ៧ភាគរយ ស្រវឹង ៦ភាគរយ និងកត្តាយានយន្ត ៣ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ ២០៦នាក់នោះ មានអ្នកស្លាប់ពេលយប់ ១៣០នាក់ ហើយភាគច្រើនគឺជាអ្នកជិះម៉ូតូ ដែលក្នុងនោះមិនពាក់មួកសុវត្ថិភាពជាង ១២០នាក់ទៅហើយ។

លោក ស្រី បានបន្ថែមទៀតថា ចំនួនគ្រោះថ្នាក់នេះ បើប្រើធៀបទៅនឹងខែធ្នូឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១២លើក ប៉ុន្តែការស្លាប់មានការកើនឡើងដល់ទៅ ២០នាក់ របួសកើនឡើង ៥៨នាក់ទៅវិញ ហើយបើប្រៀបធៀបនឹងខែមករាឆ្នាំ២០១៩នោះ ទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស គឹសុទ្ធតែកើនឡើងគួរឱ្យកត់សំគាល់។ មន្រ្តីជាន់ខ្ពស់ក្រសួងដដែលនេះ បញ្ជាក់ ក្នុងរបាយការណ៍ក៏បានកំណត់សម្គាល់ដែរថាអ្នកនៅរាជធានីភ្នំពេញ បានប្រើប្រាស់មួកសុវត្ថិភាពពេលថ្ងៃដល់ទៅជាង ៩០ភាគរយ ប៉ុន្តែពេលយប់បានតែ ៥៣ភាគរយប៉ុណ្ណោះ ហើយភូមិសាស្ត្រមានអ្នកស្លាប់ច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក៏បានថ្លែង ក្នុងកិច្ចប្រជុំខាងលើ អំពីការងារជំនាញរបស់ក្រសួង ពិសេសនៅក្នុងវិធានការណ៍ដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា ក្នុងនោះមានដូចជា ការធ្វើទំនាក់ទំនងជាមួយដៃគូឯកជន ដើម្បីជំរុញការផ្សព្វផ្សាយគ្រោះថ្នាក់ចរាចរណ៍ ការបំពាក់សម្ភារទំនើប ដើម្បីតាមដានល្បឿនយានយន្ត ការធ្វើទំនើបកម្មក្នុងការងារថ្លឹងរថយន្តនៅតាមដងផ្លូវ ការចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម ។

លោក រដ្ឋមន្ត្រី ក៏បានប្រាប់អំពីការត្រៀមរៀបចំប្រព័ន្ធអនឡាញមួយ ដើម្បីឱ្យក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទាំងអស់ធ្វើរបាយការណ៍អំពីសកម្មភាពក្នុងការងារបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួន អំពីការគោរពច្បាប់ចរាចរណ៍ ដើម្បីធានាការផ្សព្វផ្សាយនឹងកាន់តែមានភាពទូលំទូលាយ។ ហើយទន្ទឹមនឹងនេះ ក្រសួង ក៏ត្រៀមស្វែងរកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដើម្បីរៀបចំស្ពតអប់រំងាយៗ និងមានភាពទាក់ទាញ សម្រាប់បញ្ជ្រៀបការគោរពច្បាប់ចរាចរណ៍ដល់សាធារណជន បន្ថែមពីលើវិធានការរឹតបន្តឹងច្បាប់ជាអាទិភាព ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងកិច្ចប្រជុំនេះថា នៅឆ្នាំ២០២០នេះ យើងបានកំណត់យកជាថាឆ្នាំបង្កើនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដោយកន្លងមកយើងបានយកវិធានការអប់រំជាកិច្ចការចំបង ប៉ុន្តែនៅឆ្នាំនេះ យើងត្រូវយកវិធានការអនុវត្តច្បាប់ជាចំបងវិញម្ដង ដោយទុកវិធានការអប់រំនៅខាងក្រោយ ។ សម្ដេចបានសង្កត់ធ្ងន់ថា ច្បាប់ គឺមិននិយាយពីការដឹង ឬមិនដឹងច្បាប់នោះទេ គឺត្រូវតែនិយាយពីការគោរព ដូច្នេះការអនុវត្តច្បាប់ត្រូវតែសំខាន់សម្រាប់ឆ្នាំនេះ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយយើងបានផ្ដោតលើការអប់រំ។

ចាប់ពីពេលនេះទៅ យើងត្រូវតែបង្កើនភាពជាក់លាក់នៃការអនុវត្តការងារ ត្រូវធ្វើផែនការសកម្មភាពឱ្យបានលើសពីទិសដៅការងារ ពោលគឺបើទិសដៅកំណត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថាតើយើងត្រូវធ្វើផែនការអ្វីខ្លះដើម្បីសម្រេចទិសដៅនេះ ដោយមានសូចនាករ និងរយៈពេលនៃការអនុវត្តជាក់លាក់។ ជាការណែនាំរបស់ សម្ដេច ទៅមន្រ្តីក្រោមឱវាទពាក់ព័ន្ធទៅនឹងចរាចរណ៍។

ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេច ស ខេង បានមានប្រសាសន៍ថា សាធារណជនសូមកុំមានមន្ទិលចំពោះបញ្ហានេះ ដ្បិតស្ថានភាពសង្គម ពិសេសស្ថានភាពចរាចរណ៍នៅកម្ពុជា កាន់តែមានការវិវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាគោលការណ៍គឺតម្រូវឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីដោះស្រាយបញ្ហាដែលកើតមានថ្មីៗ។ ក្នុងនោះដែរសម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យមានការពិភាក្សាអំពីការដាក់បញ្ចូលមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឱ្យបានរួចជាស្រេច ក្នុងគម្រោងដេញថ្លៃស្ថាបនាផ្លូវ ដោយត្រូវកំណត់ក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតែម្ដង នៅពេលធ្វើវិសោធនកម្ម ។

សម្រាប់ការងារចំពោះមុខ សម្ដេច បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបង្ហាញការកត់សម្គាល់ថាអ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់ ជាក់ស្ដែងពេលថ្ងៃមាននគរបាលធ្វើការងារច្រើន ពួកគាត់បានពាក់មួកសុវត្ថិភាព និងគោរពច្បាប់បានច្រើន ប៉ុន្តែពេលយប់មិនសូវមានកម្លាំងនគរបាលចរាចរណ៍ឈរជើង គាត់បែរជាបំពានច្បាប់ច្រើនទៅវិញ ពិសេសមិនពាក់មួកសុវត្ថិភាពតែម្ដង ។ ដូច្នេះ ត្រូវបង្កើនការដាក់ពង្រាយកម្លាំងចរាចរណ៍ត្រួតពិនិត្យពេលយប់ ។ ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យបង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំរកសារធាតុញៀន ។

ជាការកត់សម្កាល់ សម្ដេច ងក្រើនរំលឹក និងលើកទឹកចិត្តមន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រកាន់ទស្សនៈ«មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់» គឺច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវការផាកពិន័យ និងការផ្ដន្ទាទោស ហើយយើងជាអ្នកអនុវត្តក៏ត្រូវប្រកាន់ឥរិយាបទឱ្យបានសមរម្យជានគរបាលដែរ៕

ដោយ៖ឌីណា