ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រ សួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្តេជ្ញាជួសជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចឱ្យបាន ៥០ភាករយ ក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យប្រ ជាពលរដ្ឋរាយការណ៍ទៅកាន់ក្រុមការងារមានសមត្ថកិច្ច ដើម្បីចុះមកជួសជុលបានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយសុវត្ថិភាព។
នៅក្នុងកិច្ចប្រជុំខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស៊ុន ចាន់ថុល បានបន្តថា សមិទ្ធផល សម្រេចបាន រយៈពេលមួយឆ្នាំកន្លងទៅទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជួសជុលថែទាំផ្លូវដែលខូចខាត ការពង្រីកផ្លូវតាមទីប្រជុំជន ការដាក់ផ្លាកសញ្ញា ការចែកមួកសុវត្ថិភាព ការពង្រឹងប្រសិទ្ធភាពការងារថែទាំ ជួសជុលផ្លូវ ស្ពានតាមរយៈការបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ការកែទម្រង់ការងារគ្រប់គ្រងមធ្យោបាយដឹក ជញ្ជូនបង្កលក្ខណៈងាយស្រួលក្នុងការទទួលសេវាពាក់ព័ន្ធនឹងឯកសារយានយន្តចុះបញ្ជីតាម Online និងការរឹតបន្តឹងការដឹកលើសទម្ងន់កម្រិតកំណត់។
លោក រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ ទាក់ទងនឹងការងារច្បាប់ ជាពិសេសការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការងារសុវត្ថិភាពចរាចរណ៍ដោយរៀបចំ វិធានការបំពាក់ប្រព័ន្ធ GPS តាមដានលើរថយន្តដឹកទំនិញ និងការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយផ្តោតជាសំខាន់លើការបង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងរថយន្ត ដែលបានពិន័យរួច និងអាចឈានទៅដល់ការបិទក្រុមហ៊ុន ឬមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ក្នុងករណីមិនរាងចាល។
ក្រសួងគ្រោងនឹងបំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weigh in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាមដានយានយន្តចូល និងមិនចូលស្ថានីយថ្លឹង រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីជូនដំណឹងទៅសមត្ថកិច្ចពាក់ព័ន្ធដោយស្វ័យប្រវត្តិ ដើម្បីចាត់វិធានការ និងរៀបចំប្រព័ន្ធអនឡាញដើម្បីឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ ជាប្រចាំមកកាន់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពីសកម្មភាពបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិតរបស់ខ្លួនអំពីច្បាប់ចរាចរណ៍ផ្លូវគោក។ ជាការបញ្ជាក់ឱ្យដឹង ពីលោក ស៊ុន ចាន់ថុល។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំគ្រប់យន្តការដល់ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យខិតខំរូបរួមគ្នាសម្រេចឱ្យបានជោគជ័យនូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០នេះឱ្យបានជាអតិបរមាស្របតាមស្មារតី ដែលបានកំណត់យកឆ្នាំ២០២០ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
បន្ថែមពីលើនេះ សម្តេច ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតាមសេចក្តីប្រកាស ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបើកបរប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យនៅគ្រប់កាលៈទេសៈ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន ៣៥៨លើក បណ្តាលឱ្យស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន ៥៥៨នាក់ ប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ ថយចុះចំនួន ១២លើក (៣៥៨ /៣៧០លើក) ស្មើនឹង ៣ភាគរយ ស្លាប់កើនចំនួន ២០នាក់ (២០៦/១៨៦នាក់) ស្មើនឹង ១១ភាគរយ និងរបួស កើន ៥៨នាក់ (៥៥៨ /៥០០នាក់) ស្មើនឹង១២ភាគរយ៕
ដោយ៖ឌីណា