Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសវិធានការ ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះមុខការថមថយទេសចរអន្តរជាតិ មកទស្សនានៅកម្ពុជា

ភ្នំពេញ៖ ឆ្នាំ២០១៩ បានបង្ហាញនូវការរីកចម្រើនថ្មីនៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ និងទេសចរក្នុងកិច្ចការអនាម័យ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ប៉ុន្តែនៅចុងឆ្នាំបែរជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក។ ជាការលើកឡើងពីកង្វល់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បន្តថា ជុំវិញបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការដោះស្រាយជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះ សម្ដេច នាយករដ្ឋមន្រ្តី បានចេញវិធានសំខាន់ៗចំនួន ៧ចំណុច ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ដែលកំពុងជួបបញ្ហាឱនភាព។

វិធានការទាំង៧ ត្រូវបាន លោក ថោង ខុន ប្រកាសផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងពិធីខាងលើ លោក រដ្ឋមន្ត្រីថ្លែងថា ដើម្បីឆ្លើយតបនឹងសភាពការណ៍នៃការវិវត្តចុងក្រោយនេះ ដែលក្នុងនោះប្រឈមទាំងការថមថយនៃចំនួនទេសចរអន្តរជាតិមកកាន់សៀមរាប ក៏ដូចជាការប្រឈមនឹង ការថយចុះនៃចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាជារួម សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ដែលគាំទ្រ និងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអនុវត្តវិធានការទាំង ៧ចំណុច ដូចខាងក្រោម៖

ទី១-លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។ ជាមួយគ្នានេះ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

ទី២-មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។

ទី៣-ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ឱ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

ទី៤-បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយ សម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

ទី៥-ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសំលៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៦-រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅបន្ថែមនៅកម្ពុជា។

ទី៧-ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុង វិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។

ក្រសួងបញ្ជាក់ ឆ្នាំ២០១៩ កន្លងទៅនេះ វិស័យទេសចរណ៍កម្ពុជានៅរក្សាបានកំណើន ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦.៦លាននាក់ កើនឡើងក្នុងអត្រា ៦.៦ភាគរយ ខណៈដែលភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរនៅទូទាំងប្រទេសមានចំនួនជាង ១១,៥លាននាក់ ក្នុងកំណើនប្រមាណ ២ភាគរយ៕

ដោយ៖ឌីណា