ភ្នំពេញ៖ អ្វីដែលអាចបង្កហានិភ័យធំមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជាគឺ «ជំងឺភ័យខ្លាច» ដោយខ្វះហេតុផល ឬស្លន់ស្លោ ពីព្រោះការបន្លាច ឬ ឃោសនាអកុសលរបស់របស់ក្រុមអគតិមួយចំនួន ដែលមានបំណងបង្កភាពចលាចលនៅក្នុងសង្គមជាតិដើម្បីផលប្រយោជន៍ប៉ុណ្ណោះ។ ជាសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ របស់សម្ដេច ហ៊ុន សែន ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា នៅបន្តមានភាពរឹងមាំ។ ដូច្នេះ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើសុំឱ្យវិនិយោគិន ទាំងជនជាតិកម្ពុជា និងបរទេស មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមអនុវត្តនូវវិធានការទាំងអស់យ៉ាងសកម្ម។
ជាមួយនឹងការភ័យខ្លាចជំងឺខូវិដ-១៩ វិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ទេសចរអន្តរជាតិចូលមកកម្សាន្តធ្លាក់ចុះប្រមាណ ៦០ភាគរយ ជាពិសេស ភ្ញៀវទេចរចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០ភាគរយ។ នៅក្នុងនោះ ខេត្តសៀមរាបទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែតំបន់ផ្សេងទៀតស្ថិតក្នុងកម្រិតមធ្យម។ បើតាមសារលិខិតរបស់សម្ដេច។
ជាមួយគ្នានេះ វិស័យកាត់ដេរក៏ទទួលនូវផលប៉ះពាល់ច្រើនផងដែរ ដោយសាររោងចក្រនៅប្រទេសចិនភាគច្រើនមិនទាន់បើកដំណើរការពេញលេញនៅឡើយ ដែលធ្វើឱ្យការផ្គត់ផ្គង់ទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងកម្ពុជាផងដែរ មានភាពយឺតយ៉ាវហើយប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ការផលិត។ បើតាមការបន្ថែមក្នុងសារលិខិតដដែល បានបញ្ជាក់ មកដល់ពេលនេះ មានរោងចក្រមួយចំនួនតូចបានចាប់ផ្ដើមគិតគូរពីការព្យួរសកម្មភាពផលិតកម្មសម្រាប់រយៈពេលខ្លី។ ទន្ទឹមនេះ ការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA ក៏នឹងបង្កផលប៉ះពាល់ខ្លះទៅលើការផលិតរបស់រោងចក្រមួយចំនួនតូច។ ដូច្នេះ វិស័យដែលពាក់ព័ន្ធរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់គាំទ្រ ដែលជាគោលការណ៍វិធានការទាំងនោះ ត្រូវបានរៀបចំសំដៅជួយ ដែលទទួលផលប៉ះពាល់ ពីការព្យួរ EBA។
ជាមួយគោលដៅខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការសម្រាប់ជួយដល់រោងចក្រ-សហគ្រាសដែលទទួលរងផលប៉ះពាល់ពីការខ្វះវត្ថុធាតុដើម និងការព្យូរ EBA ទី១.ពិនិត្យផ្ដល់ជូនការលើកលែងពន្ធ អាចពី៦ខែ ទៅ១ឆ្នាំ សម្រាប់រោងចក្រ-សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្ដែងលើរោងចក្រនីមួយៗ (ក្រសួងសេដ្ឋកិច្ច ជាអ្នកវាយតម្លៃផ្ដល់ការលើកលែងពន្ធនេះ)។ ទី២. អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យូរអាជីវកម្ម។
ទី៣. សម្រាប់រោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លីដោយខ្វះវត្ថុធាតុដើម ត្រូវចេញប្រាក់ខែចំនួន ៤០ភាគរយ នៃប្រាក់ខែអតិប្បរមារបស់កម្មករ-និយោជិត(ដែលមានចំនួន ១៩០$សម្រាប់ឆ្នាំ២០២០) ហើយរាជរដ្ឋាភិបាលនឹងរួមចំណែក ២០ភាគរយ នៃប្រាក់ខែអតិប្បរមាបន្ថែម (សរុប ៦០%នៃប្រាក់ខែអតិប្បរមា)ដើម្បីទទួបានការឧបត្ថមនេះ កម្មករ-និយោជិតត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗរវាងពី ១ទៅ ២សប្ដាហ៍ ដែលរៀបចំដោយក្រសួងការងារ តាមរោងចក្រ-សហគ្រាស។
វិធានការទ្រទ្រង់កំណើន៖ បន្ថែមពីវិធានការរយៈពេលខ្លី ដែលបានដាក់ចេញសម្រាប់ជួយដល់វិស័យទេសចរណ៍, កាត់ដេរ និងវិធានការជួយដល់កម្មករ-និយោជិត រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរពីវិស័យទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្ដានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀតពិសេស វិស័យសំណង់ និងអចលនទ្រព្យ។
វិធានការខាងលើ ក្រសួង ឬស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍជនបទ ដើម្បីផ្ដល់ប្រាក់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិផលកសិកម្ម, វិស័យកសិ-ឧស្សាហកម្ម។ ជាមួយគ្នានេះ រៀបចំយន្តការចូលរួមធ្វើសហហិរញ្ញប្បទាន និងចែករំលែកហានិភ័យ ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម ដែលមានដើមទុនរួចហើយ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជនានា។ យន្តការនេះ នឹងមានរយៈពេល ១ឆ្នាំ ដែលផ្ដល់ឥណទានក្នុងអត្រាការប្រាក់ទាប។
ដូចគ្នានេះដែរ លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង ៥ម៉ឺនដុល្លារ ក្នុងរយៈ១ឆ្នាំ គិតពីខែកុម្ភៈ នេះ ដល់ ខែមករា ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានបញ្ជីនៅក្រសួង/មន្ទីរសេដ្ឋកិច្ច។
កម្មករ-និយោជិតទាំងអស់ ប្រសិនជាជួបប្រទះនឹងបញ្ហាបាត់បង់ការងារ រាជរដ្ឋាភិបាលនឹងធានារកការងារជូន។ ជាការបន្តក្នុងសាររបស់ សម្ដេច បន្ថែមថា ក្នុងករណីដែលក្មួយៗ មិនទាន់ចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាសក្នុងការបង្កើតសមត្ថភាពជំនាញរបស់ខ្លួន គឺអាចចូលរួម និងទទួលការបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងស្ថាប័នពាក់ព័ន្ធជាមួយនឹងប្រាក់សមរម្យ។
អ្វីដែលបានដាក់ចេញនាពេលនេះ គឺជាកញ្ចប់វិធានការជុំទី១ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និងលំនឹងជីវភាពដល់កម្មករនិយោជិតទាំងអស់។ បើតាមការបញ្ជាក់បន្តទៀតរបស់ សម្ដេច នាយករដ្ឋមន្រ្តី ថា ក្នុងករណីដែលស្ថានភាសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ រាជរដ្ឋាភិបាលអាចបន្តអនុវត្តវិធានការទាំងនេះ និងដាក់ចេញនូវិវធានការថ្មីៗបន្ថែមទៀតតាមការចាំបាច់៕
ដោយ៖ឌីណា