Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម

ភ្នំពេញ៖ បច្ចុប្បន្ន ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ជាការមើលឃើញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ថា ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត និងសាធារណជនផងដែរ។ ខណៈដែល រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងតំបន់បានប្រញាប់ប្រញាល់ដាក់ចេញនូវវិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយនូវផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។

ការលើកឡើងខាងលើ របស់ សម្ដេច នាយករដ្ឋមន្រ្តី ពេលថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ ដូចប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ជម្ងឺ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរក្នុង មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេគឺ៖ ទី១.វិស័យ ទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកម្សាន្ដ និងការបិទជើងយន្ត-ហោះ និងទី២.វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់បើកដំណើការឡើងវិញជាប្រក្រតី។

នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក៏មិនឱបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ក្មួយៗជាកម្មករ-និយជិតមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកិច្ចថមថយធ្លាក់ចុះ ដែលអាចបង្កជាហានិភ័យដល់សង្គមជាតិទាំងមូលនោះឡើយ។ ជាការបន្តរបស់ សម្ដេស​ ហ៊ុន សែន ថា ក្នុងស្មារតីបុរេសកម្មថ្ងៃនេះ រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានអន្តរាគមន៍បន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ នៅក្នុងវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម។

សម្ដេច នាយរដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួរអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពលផង រួមមាន៖ ទី១.ជួយដល់ក្រុមហ៊ុន​ដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ។ ទី២.ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និង​ទី៣.ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ វិធានការ​ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅ ផងដែរ ។ ជាការបន្ថែមទៀតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបន្តទៀត ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយសារវីរុសកូរ៉ណា និងEBA នោះ កម្មករកម្មការិនីកាត់ដេរ នឹងទទួលប្រាក់ខែ៦០ភាគរយ លើប្រាក់ខែអប្បរិមា ដោយនៅក្នុងនោះប្រាក់ខែ ៤០ភាគរយ ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០ភាគរយទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង។ ជាការបញ្ជាក់របស់ សម្ដេច ក្នុងពេលថ្លែងសារដដែល ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA។

ទន្ទឹមនឹងនោះ សម្តេច បានបញ្ជាក់ទៀតថា វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឱ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០ភាគរយ ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ។ នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសយ៉ាម៉ឹងម៉ាត់ពីការអនុវត្តច្បាប់របស់កម្ពុជា ត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ ២០ភាគរយ ពីអឺរ៉ុបវិញនោះទេ សម្តេច អះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការនឹងមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ។ ជាមួយគ្នានេះ បានជំរុញដល់ក្រុមហ៊ុនដែលសាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់ ឱ្យមន្រ្តីរាជការ តែបើពេលនេះលក់មិនទាន់អស់នោះទេ គឺអាចបន្តលក់ឱ្យពលរដ្ឋជាទូទៅ។ វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ៕

ដោយ៖ឌីណា