Register Already an agent ? Login

ក្រសួងដឹកជញ្ជូន៖ មានគម្រោងសាងសង់ផ្លូវជាតិ១០ ធ្វើជាផ្លូវ High way

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងសាង់សង់ផ្លូវជាតិលេខ១០ ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ។

គម្រោងខាងលើ ត្រូវបាន​ លោក ស៊ុន ចាន់ថុល លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលដឹកនាំដោយលោក Zhan Jinsheng នាយកគ្រប់គ្រងក្រុមហ៊ុនCRBC កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពិនិត្យលើជម្រើសតម្រាយផ្លូវថ្មីចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពានថ្នល់ ចិនសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឱ្យមានការឆ្លៀតឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរឱ្យគោរពតាមលក្ខខណ្ឌនានាដែលកំណត់ ដោយក្រសួងបរិស្ថានផងដែរ៕

ដោយ៖ឌីណា